ពោធិ៍សាត់៖ ប្រតិបត្តិការសម្អាតសំណល់ប្រេង និងការស្តារបរិស្ថាន ពីឧបទ្ទវហេតុទូរថភ្លើងដឹកប្រេងធ្លាក់ផ្លូវ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងឈានដល់ដំណាក់កាលជិតបញ្ចប់ ខណៈតំបន់ដែលទទួលរងផលប៉ះពាល់ កំពុងត្រូវបានស្តារឡើងវិញឲ្យមានភាពស្អាត និងបៃតង។

ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុកបាកាន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ ដើម្បីអន្តរាគមន៍ទប់ស្កាត់ និងដោះស្រាយការបំពុលបរិស្ថានជុំវិញទីតាំងកើតហេតុ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានបន្តសហការជាមួយក្រុមហ៊ុន ដើម្បីសម្អាតសំណល់ប្រេង និងស្តារបរិស្ថាននៅទីតាំងទទួលរងផលប៉ះពាល់ ដោយបានកៀរ កាយ និងបូមយកសំណល់ប្រេងទៅរក្សាទុកជាបណ្តោះអាសន្ននៅស្ថានីយពោធិ៍សាត់ ដើម្បីអនុវត្តប្រព្រឹត្តកម្មតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារក៏បានបន្តតាមដាន និងត្រួតពិនិត្យសំណល់ប្រេងដែលអាចនៅសេសសល់ក្នុងដីបាតរណ្តៅជាប់នឹងដីចំណីផ្លូវរថភ្លើង ព្រមទាំងពិនិត្យលើការដាំរុក្ខជាតិដែលសមស្របទៅតាមស្ថានភាពអេកូឡូស៊ី ដើម្បីធ្វើឱ្យតំបន់មានភាពបៃតង និងមានស្ថិរភាពបរិស្ថានឡើងវិញ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈរថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង បានក្រឡាប់ទូដឹកប្រេងម៉ាស៊ូត ចំនួន ៤ ទូ នៅចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ដែលមានចម្ងាយប្រមាណ ៧០ ម៉ែត្រពីលំនៅដ្ឋានប្រជាពលរដ្ឋ។ ក្នុងនោះ ទូផ្ទុកប្រេងចំនួន ៣ ទទួលរងការខូចខាត បណ្តាលឲ្យប្រេងហៀរចេញប្រមាណ ៣០,០០០ លីត្រ និងប៉ះពាល់ដល់ដីចំណីផ្លូវរថភ្លើងប្រមាណ ៦,០០០ ម៉ែត្រការ៉េ។

បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ក្រុមការងារចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការសាយភាយសំណល់ប្រេង ការសម្អាតប្រេង ការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ និងការគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន។ក្រុមការងារបានអនុវត្តវិធានការចម្រុះ រួមមាន ការបូមយកសំណល់ប្រេង ការកាយយកដីប្រឡាក់ប្រេង ការប្រើប្រាស់ចំបើងស្រូបយកប្រេង និងការវេចខ្ចប់សំណល់ត្រឹមត្រូវ ដើម្បីដឹកជញ្ជូនទៅកម្ទេចនៅក្រុមហ៊ុនកំពតស៊ីម៉ង់តិ៍។

រហូតមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ប្រតិបត្តិការសម្អាតសំណល់ប្រេង បានឈានដល់ដំណាក់កាលជិតបញ្ចប់។ក្រសួងបរិស្ថាន បានបន្តជំរុញការអនុវត្តច្បាប់បរិស្ថានយ៉ាងតឹងរឹង ១០០ភាគរយ ជាពិសេសការទប់ស្កាត់សំណល់រាវបង្ហូរចូលតំបន់ទឹកសាធារណៈ ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើភាពស្អាតក្នុងទឹក លើដី និងលើមេឃ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ បរិស្ថាន និងលើកកម្ពស់រូបភាពកម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ចតុម្មុខ

Share.