[ខេត្តស្វាយរៀង]៖ ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន ២,៦១៩នាក់ នៅសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដើម្បីបន្តកំណែទម្រង់វិស័យឧត្តមសិក្សានៅកម្ពុជាឱ្យកាន់តែមានគុណភាព និងភាពទំនើប។

ទិសដៅកំណែទម្រង់សំខាន់ៗដែលលើកឡើងដោយលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី៖

១. ការអប់រំផ្ដោតលើលទ្ធផល (Outcome Based Education): ឯកឧត្តមបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរពីការបង្រៀនតាមទ្រឹស្តីសុទ្ធសាធ មកជាការអប់រំដែលធានាថា និស្សិតមានសមត្ថភាពពិតប្រាកដឆ្លើយតបនឹងទីផ្សារការងារ និងមានមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM)។

២. ការត្រៀមខ្លួនសម្រាប់យុគសម័យ AI: លោកបានជំរុញឱ្យគ្រឹះស្ថានសិក្សារៀបចំបន្ទប់ឌីជីថល និងបណ្តុះបណ្តាលសាស្ត្រាចារ្យឱ្យចេះប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍បង្កើនប្រសិទ្ធភាពនៃការសិក្សាស្រាវជ្រាវ ដើម្បីឱ្យកម្ពុជាអាចដើរទាន់និន្នាការសកល។

៣. ការពង្រឹងគុណភាពសាស្ត្រាចារ្យ: គុណភាពអប់រំត្រូវចាប់ផ្តើមពីគុណភាពសាស្ត្រាចារ្យ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសាស្ត្រាចារ្យបន្តការសិក្សាដល់កម្រិតបណ្ឌិតឱ្យបានកាន់តែច្រើន និងបង្កើនការធ្វើស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

៤. អភិបាលកិច្ច និងសហប្រតិបត្តិការអន្តរជាតិ: គ្រឹះស្ថានសិក្សាត្រូវពង្រឹងអភិបាលកិច្ចតាមរយៈក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាព និងពង្រីកសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យបរទេស ដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត និងការធ្វើស្រាវជ្រាវរួមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំឭកដល់ក្មួយៗនិស្សិតថា ជោគជ័យនៅថ្ងៃនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់ពីសំណាក់ក្រុមគ្រួសារ និងការគាំទ្រពីគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដែលធានាបាននូវសុខសន្តិភាពពេញលេញ សម្រាប់ការសិក្សារបស់យុវជន៕

អត្ថបទ៖ត្រយង

Share.