ការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មេដឹកនាំវ៉េណេស៊ុយអេឡា គឺជាការបង្ហាញឱ្យឃើញអំពីឆន្ទៈនៃអំណាចផ្ដាច់ការដោយប្រើប្រាស់កម្លាំងបាយ ចៀសជាងការដោះស្រាយដោយការជជែកចរចាការទូត និងសន្តិវិធីរបស់លោក ដូណាល់ ត្រាំ ដែលប្រើកម្លាំងគាំទ្រដោយកងទ័ពសហរដ្ឋអាមេរិក ក្នុងទម្រង់ដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មានពីមុនមក។

បញ្ជាដែលបង្ហាញពីអនុត្តរភាពរបស់សហរដ្ឋអាមេរិកក្រោមការកាច់ចង្កូតដោយលោក ត្រាំ បាន​ធ្វើ​ឱ្យសហរដ្ឋអាមេរិក​ចាប់ឃុំខ្លួនលោក ម៉ាឌូរ៉ូ ត្រឹមរយៈពេលខ្លីហើយបញ្ជូនទៅតុលាការអាមេរិក ដែលស្ដែងឱ្យឃើញថា ឥឡូវនេះឥទ្ធិពលរបស់ ត្រាំ បាននឹងកំពុងតែដាក់អាណានិគមបែបទំនើប ឬជាការដាក់អាណានិយមសេដ្ឋកិច្ចទៅលើប្រទេសវ៉េណេស៊ុយអេឡា ដោយរំលោភបំពានច្បាប់អន្តរជាតិផងដែរ។

បើតាម BBC បានវិភាគឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាបេក្ខភាពស្រឡាញ់សន្តិភាព និងតែងតែអះអាងថាខ្លួនបានបញ្ចប់សង្គ្រាមដ៏តានតឹងរហូតដល់ទៅ៨ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់មួយ រំលេចចេញខ្លឹមសារដ៏ជ្រាលជ្រៅចំពោះគោលនយោបាយការបរទេសរបស់អាមេរិកទៅកាន់ពិភពលោក។

សន្និសីទព័ត៌មានមួយនោះបានធ្វើឡើងនៅ ម៉ារ-អា-ឡាហ្គោ-ក្លឹប (Mar-a-Lago Club) ដែលជាទីកន្លែងកម្សាន្ត និងជាកន្លែងស្នាក់នៅរបស់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា ដោយប្រធានាធិបតីទី៤៧របស់អាមេរិករូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចូលទៅគ្រប់គ្រងលើវ៉េណេស៊ុយអេឡា រហូតដល់ពេលដែលយើងអាចផ្ទេរអំណាចបានដោយសុវត្ថិភាព សមស្រប និងហ្មត់ចត់បំផុត។

សម្ដីអះអាងរបស់លោក ត្រាំ កំពុងបញ្ជាក់ឱ្យពិភពលោកបានឃើញពីអំណាចផ្តាច់ការ និងអាណានិគមថ្មីមួយទៀតរបស់អាមេរិកដែលមានកងទ័ពសហរដ្ឋអាមេរិកជួយពាំងពីក្រោយយ៉ាងពេញទំហឹង ទោះបីជាអាមេរិកមិនប្រកាសថាវ៉េណេស៊ុយអេឡាជាដីអាមេរិកក៏ដោយ ប៉ុន្តែការគ្រប់គ្រងលើសេដ្ឋកិច្ច (ប្រេងកាត) និងនយោបាយពីក្រោយខ្នងបែបនេះ គឺមានលក្ខណៈស្រដៀងទៅនឹងការអាណានិគមរួចស្រេចទៅហើយ។

យ៉ាងណាមិញ មេដឹកនាំនៅទីក្រុងវ៉ាស៊ីនតោនរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក ម៉ាកូ រូប៊ីយូ (Marco Rubio) បានពិភាក្សាជាមួយលោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស៍ (Delcy Rodríguez) អនុប្រធានាធិបតីវ៉េណេស៊ុយអេឡារួចមកហើយ ដែលក្នុងនោះលោកស្រីបានប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា៖ «យើងនឹងធ្វើតាមគ្រប់យ៉ាងនូវអ្វីដែលលោកត្រូវការ…»

ប៉ុន្តែ ត្រាំ វិញ បានបោះសម្ដីដែលកំពុងតែមានទឹកមាត់ប្រៃក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋមួយផ្សេងទៀតទាំងកម្លាំងបាយកៀកសង្កត់ថា ៖ ខ្ញុំគិតថាលោកស្រីហាក់ដូចជាមានសុជីវធម៌ណាស់ ប៉ុន្តែតាមពិតទៅលោកស្រីក៏មិនមានជម្រើសអ្វីផ្សេងដែរ។ ទោះចង់ឬមិនចង់ វ៉េណេស៊ុយអេឡាបច្ចុប្បន្ន គ្មានកម្លាំងនឹងរើបម្រាសចេញពីក្រញាំនៃការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនោះទេ ព្រោះការគ្រប់គ្រងបានធ្លាប់ទៅក្នុងដៃបុគ្គលជាខ្នែងរបស់ ដូណាល់ ត្រាំ រួចទៅហើយ។

ប៉ុន្តែមានសំនួរមួយលើកឡើងថា តើលោក ត្រាំ ពិតជាជឿជាក់មែនឬថា លោកអាចគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ពីចម្ងាយដូចជាការបញ្ជាហ្គេម E-Sport បាននោះ? ប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានលម្អិតតិចតួចណាស់លើបញ្ហានេះថា៖ លោកមិនខ្លាចក្នុងការបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់នោះទេ ប្រសិនបើចាំបាច់។ ច្បាស់ណាស់គឺ ត្រាំ មិនញញើតចំពោះការតដៃរបស់ វ៉េណេស៊ុយអេឡា ឬបាតដៃទី ៣ ណាមួយ ដែលចង់ក្រោកមកប្រឆាំងនឹងសហរដ្ឋអាមេរិក។

បើទោះបីជាមានការលេចឡើងនូវសញ្ញាគាំទ្រសម្ដីរបស់ ត្រាំ ដោយប្រតិបត្តិការយោធា ជាពិសេសរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ាកូ រូប៊ីយូ និងលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ប៉ុន្តែចង់ឬមិនចង់ ក្នុងការកែទម្រង់វ៉េណេស៊ុយអេឡា ក៏អាចនឹងមានមេដឹកនាំបណ្តាប្រទេសផ្សេងទៀតនៅអាមេរិកឡាទីនមិនយល់ព្រមលើការដាក់ អាណានិមសេដ្ឋកិច្ចរបស់ ត្រាំ ដែលកំពុងតែចេញប្រតិបត្តការនេះដែរ។ អ្នកដែលប្រឆាំងនឹង ត្រាំ បាននាំគ្នាថ្កោលទោសចំពោះទង្វើឈ្លានពានទាំងកំរោលលើប្រទេសវ៉េណេស៊ុយអេឡា ដែលជារដ្ឋមានដែនអធិបតេយ្យភាព។

ចិន និងរុស្សី ដែលជាសម្ព័ន្ធមិត្តនិងជាដៃរករកស៊ីប្រេងជាមួយវ៉េណេស៊ុយអេឡា ក៏មិនបានឱបដៃឈរមើល ត្រាំ កំពុងតែដើរលើល្បែងនយោបាយសេដ្ឋកិច្ចយ៉ាងរលូននោះដែរ ពួកប្រទេសធំទាំងពីរនេះបានចេញមកថ្កោលទោសព្រមទាំងចាត់ទុកទង្វើរបស់ លោកត្រាំ អំពើបំពានលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ២ កថាខណ្ឌ ៤ សមាជិកទាំងអស់ត្រូវចៀសវាងក្នុងទំនាក់ទំនងអន្តរជាតិនូវ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយ ប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។

សកម្មភាពយោធារបស់លោកត្រាំនេះ ត្រូវបានគេមើលឃើញថា ជាការប្រកាន់យកគោលនយោបាយ “ឯកតោភាគីនិយម” ដែលផ្ទុយស្រឡះពី “ពហុភាគីនិយម” ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកដែលប្រទេសទាំងអស់ប្រកាន់ខ្ជាប់ ក្រោយសង្គ្រាមលោកលើកទី២។

ចិនមានការវិនិយោគរាប់ពាន់លានដុល្លារក្នុងវិស័យប្រេងនៅវ៉េណេស៊ុយអេឡា ហើយការដែលអាមេរិកចូលទៅគ្រប់គ្រងរដ្ឋនោះ ច្បាស់ណាស់គឺជាការកាត់ផ្ដាច់ប្រភពថាមពលរបស់ចិន។ ចិននឹងរៀនពីរបៀបការពារខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីការបិទខ្ទប់របស់អាមេរិក ដែលអាចនឹងកើតមាននៅច្រកសមុទ្រ ម៉ាឡាកា ឬតៃវ៉ាន់។ រុស្ស៊ី វិញក៏មិននៅស្ងៀមដូចគ្នា ដោយពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន លាតត្រដាងបកអាក្រាតពីល្បិចកលអាមេរិកគឺជា អាណានិគមនិយមសម័យថ្មី ដើម្បីទាញយកការគាំទ្រពីប្រទេសនៅអឌ្ឍគោលខាងត្បូងឱ្យងាកមកប្រឆាំងអាមេរិកកាន់តែខ្លាំងឡើង។

ជាការសន្និដ្ឋាន យុទ្ធសាស្ត្រអំណាចផ្ដាច់ការបែបអាណានិគមទំនើបរបស់លោក ត្រាំ គឺផ្ដោតលើ «លទ្ធផលភ្លាមៗ» ដោយប្រើការបំភិតបំភ័យជាជាងការកសាងទំនាក់ទំនងយូរអង្វែង។ ទោះជាយ៉ាងណា អ្នកជំនាញបារម្ភថា វិធីសាស្ត្រនេះអាចបង្កើតឱ្យមានភាពវឹកវរ និងជាបើកផ្លូវជំរុញឱ្យពិភពលោក និងប្រទេសធំៗមួយចំនួនឆ្លៀតឱកាសកេងចំណេញនយោបាយ ហើយការប្រើអំពើហិង្សាដាក់គ្នានឹងកាន់តែកើនឡើងថែមទៀត។ ផលប៉ះពាល់ដែលគេមើលឃើញក្រោយប្រតិបត្តិការយោធារបស់រដ្ឋបាលលោក ត្រាំ គឺធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់សម្ព័ន្ធមិត្តដែលធ្លាប់តែជឿជាក់លើការទូតសន្តិវិធី និងដោះស្រាយដោយសន្តិវិធី៕

Share.