កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ។


ពិធីនេះបានប្រារព្ធធ្វើឡើងនៅសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រួសារវីរកងទ័ពជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរខ្ពង់ខ្ពស់ចំពោះវត្តមានដ៏មានអត្ថន័យរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ឈឺឆ្អាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយគ្មានការរើសអើងឡើយ។


ឯកឧត្តមបានចាត់ទុកវត្តមាននេះ ជាកម្លាំងចិត្តដ៏សំខាន់ និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់គ្រួសារវីរកងទ័ពជួរមុខ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរកងទ័ពគ្រប់រូប។


ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងឆ្ងាយ និងជិត ដែលបានចូលរួមឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគជាច្រើន ព្រមទាំងអំពាវនាវឱ្យបន្តចូលរួមសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត ដើម្បីលើកកម្ពស់ស្មារតីសាមគ្គី និងភាពវេញជាធ្លុងមួយរបស់សង្គមជាតិ៕

អត្ថបទ÷អាចារ្យលាក់

Share.