ក្រសួងសុខាភិបាលថៃ កំពុងជំរុញឱ្យមានបទប្បញ្ញត្តិថ្មីស្ដីពីកញ្ឆា ដែលច្បាប់នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យដោយការិយាល័យក្រុមប្រឹក្សារដ្ឋ មុនពេលរដ្ឋាភិបាលថៃថ្មីចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

បទប្បញ្ញត្តិនេះនឹងផ្ដោតលើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យកញ្ឆា ដោយមានការរឹតត្បិតការទិញ-លក់ ប្រើប្រាស់កញ្ឆាតាមទីសាធារណៈ ឬនៅតាមមន្ទីរពេទ្យ គ្លីនិក ឱសថស្ថាន ជាដើម។ លើសពីនេះ អ្នកផ្ដល់សេ​វាកម្មទាក់ទងនឹងកញ្ឆា នឹងត្រូវទទួលបានអាជ្ញាប័ណ្ណពីនាយកដ្ឋានឱសថបុរាណរបស់ថៃ ដែលទទួលបានការផ្តល់ការបណ្តុះបណ្តាលផងដែរ។

យ៉ាងណាម៉ិញ អ្នកជំនាញមួយចំនួនយល់ឃើញថា ការរឹតត្បិតមិនឱ្យប្រើប្រាស់កញ្ឆាដោយសេរីនេះ ប្រហែលជាកន្លងមកមានអ្នកប្រើប្រាស់កញ្ឆាដោយសេរីច្រើនលើលលុបពេក ពិបាកក្នុងការគ្រប់គ្រងទើបក្រោយមកមានការពិគ្រោះលើបញ្ហានេះដើម្បីស្វែងរកដំណោះស្រាយឡើងវិញ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលថៃ នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅពិចារណា ទោះបីវានៅមិនទាន់ច្បាស់ថា តើពេលណាមានការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការក៏ដោយ។ សេចក្តីព្រាងច្បាប់នេះ មិនចាំបាច់បញ្ជូនទៅគណៈរដ្ឋមន្ត្រីវិញទេ បើទោះជាមានការពន្យារពេលក៏ដោយ។ ក្រសួង​បាន​បន្ត​ថា រដ្ឋមន្ត្រី​ថ្មី​អាច​បន្ត​ ឬ​ដក​វា​ចេញ​អាស្រ័យ​លើ​ទិសដៅ​គោលនយោបាយរដ្ឋាភិបាលថ្មី។

យោងតាមនាយកដ្ឋាននេះ ប្រទេសថៃបច្ចុប្បន្នមានហាងកញ្ឆាដែលបានចុះបញ្ជីចំនួន ១៨,៤៣៣កន្លែង។ ក្នុងចំណោមនោះ មានអាជ្ញាប័ណ្ណចំនួន ៨,៦៣៦កន្លែងបានផុតសពុលភាពកាលពីឆ្នាំមុន ហើយមានតែហាងចំនួន ១,៣៣៩កន្លែងប៉ុណ្ណោះដែលមានអាជ្ញាបណ្ណស្របច្បាប់។

ប្រភព៖ Bangkok Post

Share.