កំពង់ធំ៖ ផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ១១០៣ ម៉ែត្រ ទទឹង ៥ ម៉ែត្រ បានដាក់ឲ្យប្រើប្រាស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ហើយក្នុងគម្រោងមូលនិធិឃុំប្រាសាទសម្រាប់ឆ្នាំ ២០២៥នេះ ក៏អាចាត់ថាជាចំណងដៃថ្មីមួយទៀតជូនប្រជាពលរដ្ឋ សម្រាប់ដើមឆ្នាំ២០២៦ផងដែរ។

ផ្លូវនេះត្រូវបានបំពាក់អំពូលសូឡា និងបង្គោលភ្លើង ដើម្បីធានាសុវត្ថិភាព និង
ងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ និងការធ្វើដំណើរ ឬហាត់ប្រាណ។
ផ្លូវបេតុងនេះ គឺជាការវិនិយោគថ្មីមួយ ដែលជួយបង្កើនភាពងាយស្រួលក្នុងដំណើររបស់ប្រជាពលរដ្ឋ និងជួយសម្រួលសុវត្ថិភាពចរាចរណ៍ក្នុងតំបន់។




ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពស្ថានភាពវិវត្តន៍តាមព្រំដែនកម្ពុជា-ថៃ និងស្ថានភាពការពារបូរណភាពទឹកដីកម្ពុជា ដោយអះអាងថា ការកំណត់ព្រំដែនត្រូវបានធ្វើតាមសេចក្ដីយល់ព្រមនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) និងច្បាប់អន្តរជាតិ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន ដោយគ្មានការកាត់ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្តូរយកសន្តិភាពនោះឡើយ។

អត្ថបទ÷កំពង់ធំ
