រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើស្ថានភាពអប់រំក្រោយបទឈប់បាញ់ ដើម្បីដាក់ចេញនូវវិធានការគាំទ្រ និងផែនការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំដែលរងការខូចខាត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងសាកលវិទ្យាល័យសមាជិកនៃក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងមន្ត្រីជំនាញជាច្រើនរូប។
ចំណុចគន្លឹះនៃកិច្ចប្រជុំ៖
- វាយតម្លៃការខូចខាតជា ២ ដំណាក់កាល៖ ពិនិត្យលើរបាយការណ៍ផលប៉ះពាល់ដែលកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារជម្លោះយោធានៅតាមព្រំដែន។
- ការចុះពិនិត្យដល់ទីតាំងផ្ទាល់៖ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារចុះទៅដល់សាលារៀនរងគ្រោះ ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខឱ្យបានទាន់ពេលវេលា។
- ការគាំទ្រសិស្ស និងគ្រូភៀសសឹក៖ ផ្តល់អាទិភាពខ្ពស់លើការធានាដំណើរការបង្រៀន និងរៀន ព្រមទាំងផ្តល់ជំនួយឧបត្ថម្ភដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សដែលរងផលប៉ះពាល់។
- ផែនការស្តារឡើងវិញ៖ កំណត់ទំហំថវិកា និងគ្រោងការណ៍សាងសង់សាលារៀនដែលខូចខាតធ្ងន់ធ្ងរឡើងវិញ ដើម្បីធានាបាននូវបរិយាកាសសិក្សាប្រកបដោយគុណភាព និងសមធម៌។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសហការរបស់ក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះវិស័យអប់រំក្នុងកាលៈទេសៈដ៏លំបាកនេះ និងបានណែនាំឱ្យមានកិច្ចប្រជុំតាមដានវឌ្ឍនភាពជារៀងរាល់ខែ៕


អត្ថបទ៖ត្រយង
