
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើយ។ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងសារលិខិត នាឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៦។
សម្ដេចតេជោបន្តថា ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ប្រធានគណបក្សកាន់អំណាច បានរំឭកអំពីជោគជ័យនៃការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការកសាងសន្តិភាព នាំមកនូវការអភិវឌ្ឍគួរជាទីមោទនៈ។
ប៉ុន្តែទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសកម្ពុជានៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍របស់ជាតិ។
សម្ដេចតេជោសង្កត់ធ្ងន់ជាពិសេស ចំពោះប្រទេសថៃ ដែលបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកម្រោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែន ក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។
ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សដឹកនាំរាជរដ្ឋាភិបាលចាត់ទុកថា សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក៕

