ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបរំលឹកដល់ពាក្យថា «អរគុណសន្តិភាព» ក្នុងឱកាសខួបលើកទី៤៧ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍នេះ យើងមិនត្រឹមតែរំលឹកដល់ការរស់រានមានជីវិតជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏សំខាន់បំផុតក្នុងការដាស់ស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំ ក្នុងអំឡុងពេលដែលមាតុភូមិយើងបានប្រឈមមុខនឹងការឈ្លានពានពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន។

កាលពី ៤៧ ឆ្នាំមុន យើងបានរៀនសូត្ររួចមកហើយថា ការបែកបាក់នាំមកនូវមហន្តរាយ ហើយសន្តិភាពគឺជាគ្រឹះតែមួយគត់ដែលធ្វើឱ្យយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ ការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសមរភូមិសង្គ្រោះជាតិ និងយុទ្ធសាស្ត្រឈ្នះ-ឈ្នះ បានបង្រៀនយើងថា សន្តិភាពមិនមែនបានមកដោយការសុំសីលនោះទេ ប៉ុន្តែវាបានមកដោយការតាំងចិត្ត និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុត។
នៅចំពោះមុខស្ថានការណ៍ដ៏តានតឹងដែលបង្កឡើងដោយយោធាថៃ ការបាញ់បោះរំលោភលើបូរណភាពទឹកដី និងការវាយប្រហារលើគោលដៅស៊ីវិល គឺជាការសាកល្បងដ៏ធំធេងសម្រាប់ឆន្ទៈខ្មែរ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ យើងបានឃើញនូវភាពចាស់ទុំ និងភាពម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដឹកនាំដោយភាពឆ្លាតវៃ ទាំងតាមយន្តការការទូតសន្តិវិធី និងការការពារអធិបតេយ្យជាតិយ៉ាងរឹងមាំនៅសមរភូមិមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម»។
ពេលនេះគឺជាពេលវេលាដែលយើងត្រូវ «រួមរស់ រួមស្លាប់» ជាធ្លុងមួយនឹងរាជរដ្ឋាភិបាល យើងត្រូវបង្ហាញទៅកាន់ពិភពលោកឱ្យឃើញថា កម្ពុជាមិនមែនជាប្រទេសដែលងាយនឹងឱ្យគេរំលោភបំពានតាមអំពើចិត្តនោះឡើយ។ ស្មារតី ៧ មករា ត្រូវតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់រូប ដើម្បីផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីទាំងយប់ទាំងថ្ងៃដោយមិនរាថយ។ រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើការសម្រេចចិត្តរបស់សម្ដេចធិបតី ដែលជានិច្ចកាលតម្កល់ផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនជាធំ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងប្រឆាំងរាល់ឧបាយកលបំបែកបំបាក់ ទោះក្នុងរូបភាពណាក៏ដោយឱ្យដូចជាពាក្យចាស់និយាយថា «ចង្កឹះមួយបាច់កាច់មិនបាក់»។
មួយវិញទៀតដូចពាក្យស្លោកថា «សាមគ្គីរស់ សាមគ្គីឈ្នះ» មិនមែនគ្រាន់តែជាពាក្យស្លោកសាមញ្ញនោះទេ ប៉ុន្តែវាជាអាវុធដ៏មានអានុភាពបំផុតរបស់ជាតិសាសន៍យើង។ ទោះបីសត្រូវមានអាវុធទំនើបយ៉ាងណា ក៏មិនអាចបំបាក់ស្មារតីស្នេហាជាតិរបស់កូនខ្មែរបានឡើយ។ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏មានសមត្ថភាព និងព្រហ្មវិហារធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងអាចជម្នះរាល់វិបត្តិ ថែរក្សាបាននូវបូរណភាពទឹកដី និងបន្តដើរលើមាគ៌ាសន្តិភាពជានិរន្តរ៍៕

