នៅដើមឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញនូវអនុក្រឹត្យមួយ ដែលកំណត់អំពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ វិធានការនេះមានគោលដៅអនុវត្តចំពោះអង្គភាព ឬទីតាំងរស់នៅ និងស្នាក់នៅប្រមូលផ្ដុំនៅទូទាំងប្រទេស លើកលែងតែទីកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ។

តាមរយៈអនុក្រឹត្យនេះ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ មានកាតព្វកិច្ចដូចខាងក្រោម៖

  • កត់ត្រាអ្នកស្នាក់នៅទាំងអស់ចូលក្នុងបញ្ជីដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
  • រាយការណ៍អំពីការប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំង ដែលខ្លួនគ្រប់គ្រងដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
  • សហការ និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តភារកិច្ចចុះត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរ។

វិធាននៃអនុក្រឹត្យនេះក៏បានសង្កត់ធ្ងន់ផងដែរលើវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយបានកំណត់យ៉ាងច្បាស់ថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេលយ៉ាងយូរ ២៤ (ម្ភៃបួន) ម៉ោង ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។

មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវតម្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា។ ជាដាច់ខាត មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរបស់ខ្លួនឡើយ។

ចំពោះការប្រព្រឹត្តល្មើសនឹងបញ្ញត្តិនៃអនុក្រឹត្យនេះ នឹងត្រូវទទួលរងទណ្ឌកម្មដូចខាងក្រោម៖ ១. ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រង៖ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ ត្រូវផាកពិន័យជាប្រាក់ចំនួន ៤,០០០,០០០ (បួនលាន) រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗតាមច្បាប់ជាធរមាន។ ២. អាជ្ញាធរមានសមត្ថកិច្ច៖ ដែលមិនបានបំពេញតួនាទីដោយស្មោះត្រង់ ឬមានចេតនាលាក់បាំងជនបរទេសខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ទស្សនៈ៖ វិធានការនេះ ទំនងជាមានគោលដៅ ដើម្បីទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ល្បែងស៊ីសង Online ខុសច្បាប់ ការចាប់ជំរិត និងជួញដូរមនុស្ស ដែលអាចបង្កប់តាមអគារស្នាក់នៅ និងធ្វើការ សណ្ឋាគារ និងកាស៊ីណូជាដើម៕

Share.