ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា អមដំណើរដោយមន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ដែលកំពុងស្នាក់នៅមណ្ឌលជនភៀសសឹក នាមណ្ឌលសុវត្ថិភាពចុងកាល់ ស្ថិតនៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ លោកជំទាវបានចែកជូនកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៥០០កញ្ចប់ ជាអំណោយរបស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងភួយចំនួន ៥០០ ជាអំណោយរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីជួយសម្រួលជីវភាព និងការថែរក្សាសុខភាពរបស់បងប្អូនស្ត្រីជនភៀសសឹក។

លោកជំទាវ មុំ ចន្ធី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយលើកទឹកចិត្តឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តអនាម័យរស់នៅ ពិសាទឹកដាំពុះ និងស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។

ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជន ក៏ដូចជាម្ចាស់អំណោយ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសុវត្ថិភាព និងសុខុមាលភាពជូនបងប្អូនជនភៀសសឹក៕

Share.