ខណៈដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងស្ថិតក្រោមសម្ពាធនៃបំណុលជាតិជាង ៣៨ ទ្រីលានដុល្លារបើរាប់ចូលទាំងដើមឆ្នាំ ២០២៦នេះ ពិភពលោក កំពុងសម្លឹងមើលយុទ្ធសាស្ត្រ វះកាត់ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីផ្លាស់ប្ដូរជោគវាសនា​​មហាអំណាចសេដ្ឋកិច្ចយក្សរបស់ពិភពលោកមួយនេះ។

ដើមឡើយគ្រាន់តែចូលជាប្រធានាធិបតីពេញសិទ្ធិភ្លាម លោក ត្រាំ បាន​ប្រគល់ភារកិច្ចដ៏សំខាន់ទៅឱ្យ លោក Elon Musk ដើម្បីកាត់បន្ថយចំណាយរដ្ឋបាលដ៏ស្ពឹកស្រពន់និង​សន្សំសំចៃការចំណាយ​របស់រដ្ឋ ខណៈការបើកប្រតិបត្តិការយោធាដាច់ខាតលើ វ៉េណេស៊ុយអេឡា ក្រោមហតុផល​រំដោះរដ្ឋអធិបតេយ្យ​មួយ​នេះចេញផុតពីរបបផ្ដាច់ការរបស់លោក នីកូឡាស់ ម៉ាដូរ៉ូ ត្រូវបាន​អ្នក​ឃ្លាំងមើល​ចាត់ទុក​ថាជា​ហេតុផល​មួយ​មិនសមទំនងទាល់​តែ​សោះ​​។

ដូច្នេះមាន​សំណួរដ៏ស្រួចស្រាវនិងរសើបមួយបានកើតឡើងថា តើនេះជាការសង្គ្រោះសន្តិសុខជាតិ ពិតប្រាកដ ឬគ្រាន់តែជាលេសវាយឆ្មក់​ក្ដោបយកឃ្លាំងទ្រព្យដើម្បីស្រោចស្រង់សេដ្ឋកិច្ចអាមេរិកខ្លួនឯង?

ដើម្បីស្រាយចម្ងល់នេះបាន យើងត្រូវពិនិត្យបន្ថែមទៅលើ ២ ចំណុចផ្សេងគ្នារវាងយុទ្ធសាស្ត្រលាងជម្រះបំណុលជាតិអាមេរិក និងយុទ្ធសាស្ត្រវាយយកធនធាន ដើម្បីលាងជម្រះបំណុល និងស្ដារសេដ្ឋកិច្ចអាមេរិកខ្លួនឯង។

ទី១៖ យើងចាប់ផ្ដើមមើលឡើងវិញនូវការវះកាត់បំណុលតាមរយៈយុទ្ធនាការកាត់បន្ថយចំណាយរបស់លោក Elon Musk នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងសម្ពាធបំណុលជាតិយ៉ាងខ្លាំង ដោយបំណុលមានលើសពី ៣៨ ទ្រីលានដុល្លារគិតត្រឹមដើមឆ្នាំ ២០២៦ ការនេះត្រូវបានគេព្យាករណ៍ថានឹងឈានដល់ជាង ១០០% នៃផលិតផលក្នុងស្រុកសរុប ដែលបង្កើតឱ្យមានការព្រួយបារម្ភអំពីនិរន្តរភាពសារពើពន្ធ ស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើងនៃការចំណាយការប្រាក់ ដែលកំពុងលើសពីការចំណាយលើវិស័យការពារជាតិ និង Medicare ដែលជាកម្មវិធីធានារ៉ាប់រងសុខភាពរបស់សហព័ន្ធសម្រាប់មនុស្សមានអាយុចាប់ពី៦៥ ឆ្នាំឡើងទៅ ត្រូវបង្ខំឱ្យសមាជិកសភា​ពិចារណា លើ​ជម្រើស​ដ៏លំបាក។ គោលដៅធំបំផុតរបស់លោក Elon Musk តាមរយៈនាយកដ្ឋាន DOGE គឺកាត់បន្ថយចំណាយឱ្យបាន ២ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ដែលជាតួលេខបំណុលកើនឡើងយ៉ាងឆាប់រហ័សបំផុត។

ផែនការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និងការជ្រោមជ្រែង​ពី​លោក Elon Musk គ្រោងនឹងបញ្ចប់ឱ្យសម្រេចបានលទ្ធផលធំធេងនៅត្រឹមថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ ដែលចំខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យអាមេរិក ដើម្បីជានិមិត្តរូបនៃការរំដោះអាមេរិកពីបំណុល។ វាមិនមែនគ្រាន់តែជាការកាត់បន្ថយតួលេខនៅក្នុងបញ្ជីថវិកានោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរ DNA របស់រដ្ឋាភិបាលអាមេរិកទាំងមូល។

ប្រសិនបើជោគជ័យ អាមេរិកនឹងមានលុយសល់រាប់ទ្រីលានដុល្លារដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចជាមួយមហាអំណាចចិន។ ហើយលោក ត្រាំ ផ្ទាល់ក៏ទទួលបានចំណូលពីការប្រមូលពន្ធគយយ៉ាងលើសលប់ និងកើនលើស ៦០០ពាន់លានដុល្លារត្រឹមដើមឆ្នាំនេះដូចគ្នា។ ដូច្នោះហើយ ការវះកាត់សាច់ស្អុយមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានហុចសញ្ញាវិជ្ជមានតាមរយៈការដកចេញនូវមន្ត្រីដែលគ្រាន់តែអង្គុយស៊ីប្រាក់ខែ និងទីភ្នាក់ងារដែលជាន់តួនាទីគ្នា ធ្វើឱ្យការសម្រេចចិត្តរបស់រដ្ឋាភិបាលដើរលឿនដូចក្រុមហ៊ុនឯកជន ដែលនេះគឺជាផលល្អបំផុតសម្រាប់វិនិយោគិន។

ទី ២ ៖ វាយឆ្មក់បង្ក្រាបយកឃ្លាំងទ្រព្យនៅវេណេស៊ុយអេឡា

វ៉េណេស៊ុយអេឡាមិនមែនជាប្រទេសធម្មតាទេ ប៉ុន្តែជាប្រទេសដែលមានទុនបម្រុងប្រេងធំបំផុតនៅលើពិភពលោក។ ក្នុងក្រសែភ្នែកអ្នកជំនួញដូចជាលោក ត្រាំ ការអង្គុយសន្សំលុយតាមរយៈការកាត់បន្ថយបុគ្គលិករដ្ឋរបស់លោក Elon Musk គឺគ្រាន់តែជាការ “ទប់ឈាមកុំឱ្យហូរ” ប៉ុណ្ណោះ ប៉ុន្តែការគ្រប់គ្រងលើធនធានប្រេងរបស់វ៉េណេស៊ុយអេឡា នោះហើយទើបជាការចាក់បញ្ចូលឈាមថ្មីទៅឱ្យសេដ្ឋកិច្ចរបស់អាមេរិក។ ការគ្រប់គ្រងប្រភពថាមពលនេះ នឹងធ្វើឱ្យអាមេរិកអាចគ្រប់គ្រងតម្លៃទំនិញសកល និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ដែលជាគន្លឹះឱ្យសេដ្ឋកិច្ចអាមេរិកងើបឡើងវិញលឿនបំផុត។

លោក ត្រាំ ប្រើប្រាស់ប្រតិបត្តិការយោធា Absolute Resolve មិនមែនគ្រាន់តែជាការផ្លាស់ប្តូររបបនយោបាយនោះទេ ប៉ុន្តែវាគឺជាការប្តូរ «វាសនាសេដ្ឋកិច្ច»។ ប្រសិនបើអាមេរិកអាចដាក់បញ្ចូលវ៉េណេស៊ុយអេឡាទៅក្នុងរង្វង់ឥទ្ធិពលរបស់ខ្លួនបាន អាមេរិកលែងពឹងផ្អែកលើមជ្ឈិមបូព៌ា ហើយផលចំណេញពីអាជីវកម្មប្រេងដ៏មហាសាល អាចយកមកដោះស្រាយឱនភាពថវិកាដែលលោក Elon Musk កំពុងព្យាយាមកាត់បន្ថយ។ អាមេរិកអាចនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញនៅវ៉េណេស៊ុយអេឡា ដែលវានឹងក្លាយជាទីផ្សារការងារថ្មីសម្រាប់ក្រុមហ៊ុនអាមេរិក។

ជារួមមកវិញយុទ្ធសាស្ត្របន្ស៊ីគ្នាទាំង ២ ខាងលើនេះ អាចធ្វើឱ្យយើងសន្និដ្ឋានបានមួយកម្រិតថា អាមេរិកកំពុង​ឈប់​ធ្វើជាសប្បុរសជនពិភពលោកទៀតហើយ ច្បាស់ណាស់អាមេរិកលែងចាយលុយជួយគេដើម្បីតែមុខមាត់ ហើយងាកមកធ្វើជា សាជីវកម្មយក្សដែលធ្វើការវិនិយោគដោយប្រើកម្លាំងបាយ ដើម្បីធានាថាខ្លួននឹងនៅតែជាមហាអំណាចលេខ១ដែលមិនអាចកំចាយបានដោយងាយស្រួល។

ដូច្នោះហើយការអង្គុយសន្សំលុយតែម្យ៉ាង វាមិនអាចធ្វើឱ្យអាមេរិកជម្រះបំណុលជាតិដែលកំពុងវណ្ឌករបាននោះទេ ម្លោះហើយវ៉េណេស៊ុយអេឡាមិនត្រឹមតែជាសមរភូមិនយោបាយសន្តិសុខជាតិនោះទេ ប៉ុន្តែរដ្ឋមួយនេះជាឃ្លាំងទ្រព និងជាធនាគារថាមពលដែលអាមេរិកសម្រេចចិត្តត្រូវតែដកប្រាក់យកមកប្រើប្រាស់ឱ្យទាល់តែបាន។ ប្រសិនគ្មានអន្តរជាតិណាហាមឃាត់អាមេរិកពីសេណារីយោអាណានិគមសេដ្ឋកិច្ចនេះទេ នោះអាមេរិកអាចស្រាលខ្លួនពីកាត់បន្ថយចំណាយ ហើយអាមេរិកក៏នឹងមានអំណាចសេដ្ឋកិច្ចពេញដៃ និងអាចគ្រប់គ្រងធនធានពិភពលោកថ្មីបានថែមទៀតផង៕

Share.