បាត់ដំបង ៖ រថយន្តកែច្នៃដឹកដំឡូងមីមួយគ្រឿង បើកកិនប៉ះចំមីនតោន សំណល់តាំងពីទស្សវត្សឆ្នាំ៨០ បណ្តាលឱ្យផ្ទុះកក្រើកដី ខ្ទេចរថយន្តស្ទើរទាំងស្រុង សំណាងល្អមិនបណ្តាលឱ្យអ្នកបើកបររងរបួស លុះអង្គភាពសុីម៉ាក់ចុះទៅពិនិត្យ និងរាវរក ប្រទះឃើញគ្រាប់មីនតោនចំនួន៦គ្រាប់បន្ថែមទៀត ។

ឧប្បត្តិហេតុខាងលើកើតឡើងកាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកហេង រតនា អាជ្ញាធរមីន បានឱ្យដឹងថា គ្រាប់មីនតោនខាងលើ ជាសំណល់តាំងទស្សវត្សឆ្នាំ៨០មកម្ល៉េះ អាជ្ញាធរមីន បោសសំអាតមិនទាន់អស់ផង នៅកប់ក្នុងដី ខណៈដែលរថយន្តដឹកដំឡូងមីបើកកិនប៉ះ បណ្តាលឱ្យផ្ទុះ រងខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស ។

ក្រោយពីកើតមានករណីខាងលើ អង្គភាពសុីម៉ាក់ចុះទៅពិនិត្យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានរកឃេីញគ្រាប់មីនតោន៣​រណ្តៅ​សុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់​ សរុបចំនួន៦គ្រាប់​ ស្ថិតនៅក្បែរកន្លែងផ្ទុះកាលពីម្ដិលមិញ ។

សុំបញ្ជាក់ថា​ ដីចម្ការនេះបានរុករានប្រេីប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហេីយ​ តាំងពីសង្គ្រាមត្រូវបានបញ្ចប់មកម្លេះ ៕

Share.