ពោធិ៍សាត់ ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជិតស្និទ្ធ និងចុះផ្សព្វផ្សាយពន្យល់ដល់ប្រជាកសិករឱ្យយល់ដឹងពីបរិមាណទឹកដែលមាន និងផ្ទៃដីដែលអាចស្រោចស្រពបាន ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលសម្រាប់ដាំដុះលើកទីបីនៅតាមតំបន់ដែលមិនអាចបញ្ជូនទឹកបាន។




ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារមន្ទីរ ជាពិសេសឆ្មាំតាមបណ្តាអាងទឹក និងប្រពន្ធ័ធារាសាស្រ្តនានាបន្តយកចិត្តទុកដាក់ ៖ ទី១ ប្រតិបត្តិការទំនប់ បិទបើកទ្វារទឹកប្រពន្ធ័ធារាសាស្រ្ត និងការប្រើប្រាស់បែកចែកទឹកឱ្យមានលក្ខណ:សន្សំសំចៃខ្ពស់ និងតម្លាភាព ។ ទី២ ពង្រឹងកិច្ចសហការគ្នាទៅវិញទៅមកជាមួយអាជ្ញាមូលដ្ឋាន ក្នុងយុទ្ធនាការគ្រប់គ្រងបែងចែកទឹកឱ្យមានប្រសិទ្ធភាព មកតាមប្រពន្ធ័ធារាសាស្រ្តនានា ៕
