ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ជាក្រុមបីតំបន់អាស៊ាន តែមួយគត់ដែលបានកក់កៅអីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 នៅទឹកដីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងវគ្គជម្រុះពូល A ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ លេង៣ប្រកួត ឈ្នះទាំង៣ប្រកួត ឈរកំពូលរាងមាន ៩ពិន្ទុ ដឹកដៃ ហ្ស៊កដានី ឡើងមកកាន់វគ្គបន្ត ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026។
គិតត្រឹមថ្ងៃទី១៤ មករានេះ ក្រុមចំនួន ៦ហើយកក់កៅអីវគ្គ ៨ក្រុមចុងក្រោយរួមមាន៖ វៀតណាម អេមីរ៉ាតអារ៉ាប់រួម អ៊ូសបេគីស្ថាន ជប៉ុន ហ្ស៊កដានី កូរ៉េខាងត្បូង ខណ:នៅសល់២ក្រុមទៀត រង់ចាំការប្រកួតនៅថ្ងៃនេះ រវាង អ៊ីរ៉ាក់ ប្រកួតជាមួយ អូស្រ្តាលី និងថៃ ប្រកួតជាមួយចិន ស្របពេឡភារយឡើងវគ្គច្រើន មាន ចិន អូស្រ្តាលី និង អ៊ីរ៉ាក់។

ការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ជុំចុងក្រោយ មាន១៦ក្រុមប្រជែងគ្នា ចែកចេញជា ៤ពូល (មួយពូលមាន ៤ក្រុម) ខណ:ការប្រកួតត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។
រំលឹកថា ក្នុងពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕


