ភ្នំពេញ៖ កម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាល បានឃាត់ខ្លួនក្មេងទំនើងចំនួន ១០ នាក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីស្រាវជ្រាវ និងបង្ក្រាបករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ម៉ោង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៤ ខែមករា វេលាម៉ោង ០២:០០ នាទី។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។ ក្មេងទំនើងដែលបានឃាត់ខ្លួន មានអាយុចន្លោះ ១៨–១៩ ឆ្នាំ និងរស់នៅភូមិផ្សេងៗក្នុងខណ្ឌពោធិ៍សែនជ័យ។

កម្លាំងនគរបាលបានដកហូតម៉ូតូចំនួន ៤ គ្រឿង ដែលមានម៉ាក ហុងដា និងស៊ុយហ្ស៊ីយ រួមមាន ផ្លាកលេខត្រឹមត្រូវខ្លះ និងមិនមានផ្លាកលេខខ្លះ។ បច្ចុប្បន្ន ក្មេងទំនើងទាំងនេះ និងវត្ថុតាងទាក់ទង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

