សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះបានបញ្ជាក់ថា បើទោះបីជាភាគីថៃបានស្នើសុំពន្យារពេលការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាប ម្ដងជាពីរដង ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីក្រោយការបោះឆ្នោតសភានាពេលខាងមុខយ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាមិនបានបណ្តោយឱ្យកិច្ចការបច្ចេកទេសនៅស្ងៀមទ្រឹងឡើយ។

ឆ្លើយតបនឹងស្ថានភាពនេះ ភាគីកម្ពុជាបានដាក់សំណើតាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយជំរុញឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះទៅបំពេញការងារលើដីជាក់ស្តែងឡើងវិញ។ គោលដៅសំខាន់គឺដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ ដែលធ្លាប់បានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។ កម្ពុជាបានស្នើកាលបរិច្ឆេទសមស្របសម្រាប់ការងារនេះនៅចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនៃប្រទេសទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ដើម្បីកំណត់ទីតាំងជាក់លាក់។

ទន្ទឹមនឹងនោះ កម្ពុជាក៏បានស្នើបន្ថែមទៀតឱ្យបញ្ជូនក្រុមការងារវាស់វែងចម្រុះ ចុះទៅសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ ដើម ឱ្យស្របតាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។ កិច្ចការនេះត្រូវបានស្នើឱ្យអនុវត្តនៅចន្លោះថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ជំហរដ៏រឹងមាំនេះ ត្រូវបានគេមើលឃើញថាជាការដេញទាន់ជាន់កែងរបស់កម្ពុជា ទៅលើភាគីថៃដែលតែងតែព្យាយាមប្រើលេសពន្យារពេលដោះស្រាយបញ្ហាព្រំដែន ដើម្បីអូសបន្លាយពេលវេលាដែលអាចផ្ដល់អំណោយផលដល់ការគ្រប់គ្រង និងការសាងសង់សំណង់នានាដោយខុសច្បាប់របស់ខ្លួននៅលើទឹកដីកម្ពុជា។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ភាគីថៃ ដែលយោងតាមសម្តីរបស់លោក Anutin Charnvirakul ថា គណៈកម្មការ JBC មិនអាចធ្វើការបានដោយសារអាណត្តិរបស់រដ្ឋាភិបាលចាស់បានបញ្ចប់ ក៏ពិតមែន ប៉ុន្តែក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្ត ការងាររបស់ខ្លួនដដែល។ កម្ពុជាបានបញ្ជាក់ច្បាស់ៗថា គណៈកម្មការ JBC គឺជាយន្តការរបស់រដ្ឋ ដែលតំណាងឱ្យនីតិបុគ្គលនៃរដ្ឋ មិនមែនតំណាងឱ្យបុគ្គល ឬរដ្ឋាភិបាលមួយអាណត្តិៗឡើយ។ យន្តការនេះត្រូវអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាសម័យអាណានិគមបារាំង-សៀម។ ដូច្នេះ ការផ្លាស់ប្តូររដ្ឋាភិបាលមិនគួរជាឧបសគ្គរារាំងកិច្ចការបច្ចេកទេសក្នុងការកំណត់ព្រំដែន ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍនៃប្រជាជាតិទាំងពីរនោះទេ៕

អត្ថបទ៖ ឈិន ធារ៉ាត

Share.