បាត់ដំបង÷ អាជ្ញាធរ និងមន្រ្តីជំនាញបានចុះផ្អាកដំណើរការទីតាំងធ្វើអាជីវកម្មលក់ហ្គាសមួយកន្លែងក្នុងស្រុកថ្មគោលក្រោយមានបណ្តឹងពីប្រជាពលរដ្ឋបារម្ភពីសុវត្ថិភាព។

លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ក្រោយមានបណ្តឹងពីបងប្អូនប្រជាពលរដ្ឋឋិតនៅក្នុងភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល កាលពីកន្លងមកនេះនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ម្សិលមិញនេះលោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែងជាលទ្ធផលបានផ្អាកសកម្មភាពលក់ហ្គាសនេះជាបណ្តោះអាសន្នតាមសំណើរបស់ប្រជាពលរដ្ឋដោយសារពួកគាត់មានការភ័យខ្លាចពីប្រការគ្រោះថ្នាក់ព្រោះទីតាំងអាជីវកម្មខាងលើប្រឈមហនិភ័យខ្ពស់ ហើយនិងធ្លាប់កើតមានឡើងនូវអគ្គិភ័យម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ ២០២៥។




លោកអភិបាលរងខេត្តបន្តថា÷ ស្ថានីយ៍ឧស្ម័នហ្គាសដដែលនេះម្ចាស់អាជីវកម្មឈ្មោះ ផូ សុភាព បានបើកដំណើរការធ្វើអាជីវកម្មមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវឡើយក្នុងកម្រិតពីមធ្យមទៅធំ។
ចំពោះមុខក្រសួងរ៉ែ និងថាមពល ពុំទាន់អាចផ្តល់លិខិតអនុញ្ញាតិដំណើរការស្ថានីយ៍ឧស្ម័នឥន្ធន:ជូលដល់ម្ចាស់អាជីវកម្មតាមការស្នើសុំបានទេលុះត្រាណាស្ថានីយ៍ឧស្ម័នឥន្ធន:ខាងលើផ្លាស់ប្តូរទីតាំងថ្មី ហើយពង្រីកក្បាលដីស្ថានីយ៍បន្ថែមឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសដែលមានកំណត់។ ករណីម្ចាស់ទីតាំងមិនអនុវត្តតាមខ្លឹមសារនៃសារលិខិត នោះម្ចាស់ទីតាំងត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ: ដំបងក្រញូង
