ក្នុងស្មារតីឆ្លើយតបយ៉ាងសកម្មតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កងទ័ពជួរមុខ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញលទ្ធផលផ្លែផ្កានៃការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ តាមរយៈតួលេខដ៏គួរឱ្យកត់សម្គាល់ជាច្រើន។

ក្នុងនោះ ការសម្រេច លើកលែងការប្រាក់សរុបប្រមាណ ១០,៦ លានដុល្លារអាមេរិក ជូនដល់គ្រួសារកងទ័ពជួរមុខ គឺជាវិធានការដ៏សំខាន់បំផុតមួយ ដើម្បីជួយឱ្យពួកគាត់មានស្ថិរភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្ត ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងសកម្ម។ ទន្ទឹមនឹងការលើកលែងការប្រាក់ វិស័យមីក្រូហិរញ្ញវត្ថុក៏បានបង្ហាញនូវស្មារតីដឹងគុណតាមរយៈការសម្រេច លុបចោលបំណុលទាំងស្រុងទាំងប្រាក់ដើម និងការប្រាក់ សរុបប្រមាណ ១ លានដុល្លារអាមេរិក ជូនដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសារយោធិនពលី ដើម្បីជួយសម្រាលការលំបាកដល់គ្រួសារសព និងអ្នកដែលបាត់បង់សមត្ថភាពការងារ។

ក្រៅពីការលើកលែង និងលុបចោលបំណុល វិស័យមីក្រូហិរញ្ញវត្ថុបានបញ្ចេញកញ្ចប់ឥណទានដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ៥០០ លានដុល្លារអាមេរិក ដើម្បីរៀបចំឥណទានឡើងវិញ ជូនដល់កងទ័ព និងអតិថិជនរងផលប៉ះពាល់ពីជម្លោះព្រំដែន សំដៅកាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងធានានូវនិរន្តរភាពជីវភាពនៅតំបន់ជួរមុខ។ បន្ថែមលើវិធានការហិរញ្ញវត្ថុទាំងនេះ សមាគម និងគ្រឹះស្ថានសមាជិក ក៏បានបរិច្ចាគនូវ ថវិកាសប្បុរសធម៌ប្រមាណ ៣៤០.០០០ ដុល្លារអាមេរិក រួមជាមួយសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនទៀត ដើម្បីចែកជូនដោយផ្ទាល់ដល់កងទ័ព និងប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខេត្តជាប់ព្រំដែន។

វិធានការដែលផ្ដោតលើតួលេខដ៏សន្ធឹកសន្ធាប់ទាំងនេះ ត្រូវបានអនុវត្តស្របតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការឈរនៅក្បែររាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍ដែលរងផលប៉ះពាល់ឱ្យមានភាពរីកចម្រើន និងស្ថិរភាពឡើងវិញជាដរាប៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.