ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពីគណៈកម្មការសុខភាពសិក្សាខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។


កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ព្រមទាំងស៊ីហ្សា ដើម្បីការពារសុខភាពសាធារណៈ ជាពិសេសយុវជន និងសិស្សានុសិស្ស។


មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា វិធានការនេះអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាព និងសុខភាពល្អ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរយៈពេលវែង។


លោកជំទាវបានអំពាវនាវឱ្យមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណៈជន អាជីវករ និងអាណាព្យាបាលសិស្ស ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ និងស៊ីហ្សា ដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់ដល់សុខភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

អត្ថបទ÷អាចារ្យលាក់

Share.