
យោងតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនខ្លាចំនួន ២ ក្បាល ដែលទទួលបានពីស្នងការខេត្តមណ្ឌលគិរី ត្រូវបានដឹកជញ្ជូនមកដល់សួនសត្វភ្នំតាម៉ៅ កាលពីវេលាម៉ោង ៨ យប់មិញនេះ។ ការបញ្ជូនកូនខ្លាទាំងនេះមកកាន់សួនសត្វ គឺធ្វើឡើងតាមរយៈការណែនាំពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលព្រៃឈើ។
ក្នុងចំណោមកូនខ្លាទាំង ២ ក្បាលនោះ រួមមានកូនខ្លាឈ្មោលមួយក្បាល ដែលមានទម្ងន់ប្រហែល ៦០ គីឡូក្រាម និងមានអាយុប្រមាណជា ៩ ខែ ខណៈដែលកូនខ្លាញីមួយក្បាលទៀត មានទម្ងន់ប្រហែល ៤០ គីឡូក្រាម និងមានអាយុប្រមាណជា ៦ ខែ។ នៅពេលនេះ ក្រុមការងារនៅសួនសត្វភ្នំតាម៉ៅ បានរៀបចំទ្រុងសម្រាប់ដាក់ពួកវាឱ្យរស់នៅបានសមរម្យរួចរាល់ហើយ ព្រមទាំងកំពុងតាមដានពិនិត្យសុខភាពពួកវាជាបន្តបន្ទាប់ផងដែរ។ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង អ្នកជំនាញនៅសួនសត្វនឹងធ្វើអន្តរាគមន៍ជួយព្យាបាលឱ្យបានទាន់ពេលវេលាបំផុត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ បានឲ្យដឹងថា សប្បុរសជន បានប្រគល់កូនខ្លាដំបងចំនួន ២ក្បាល ទៅសួនសត្វភ្នំតាម៉ៅ ដើម្បីឱ្យមន្រ្តីជំនាញថែទាំ នាថ្ងៃទី១៩ ខែមករា។ បើតាមលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កូនខ្លាទាំង ២ក្បាលនេះ ត្រូវបានគេទិញមកពីបរទេស ហើយចិញ្ចឹមតាំងពីតូចមកម៉្លេះ។ ប៉ុន្តែដោយសារខ្លាកាន់តែធំ ម្ចាស់ពួកវាកាន់តែបារម្ភពីសុវត្ថិភាព ទើបសម្រេចចិត្តប្រគល់ឱ្យអ្នកជំនាញថែទាំជំនួស៕
