ជនជាតិវៀតណាមប្រុសស្រី សរុប ១៦៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ក្រោយរកឃើញថា បានលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ការបណ្ដេញជនជាតិវៀតណាមទាំងអស់នេះចេញ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ បណ្ដេញជនជាតិវៀតណាមទាំងអស់នោះចេញ ដោយសារមានពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.