យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី២២ ខែមករា នេះថា ប្រទេសចំនួន៧ រួមទាំង អារ៉ាប៊ីសាអូឌីត តួកគី និងអេហ្ស៊ីប និយាយថា ពួកគេនឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

ដំបូងឡើយ ក្រុមប្រឹក្សាភិបាលនេះ មានគោលបំណងជួយបញ្ចប់សង្រ្គាមរយៈពេល២ឆ្នាំ និងត្រួតពិនិត្យការកសាងឡើងវិញ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែ​សេចក្ដីព្រាងធម្មនុញ្ញ​ដែល​បាន​ស្នើ​ឡើង​របស់​ខ្លួន​មិន​បាន​និយាយ​អំពី​ទឹកដី​ប៉ាឡេស្ទីននោះ​ទេ ដែលក្រុមអ្នករិះគន់យល់ឃើញថា ហាក់​ដូច​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​មុខងាររបស់​អង្គការសហប្រជាជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីត បាននិយាយថា ក្រុមប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន ដូចជា អារ៉ាប៊ីសាអូឌីត តួកគី អេហ្ស៊ីប ហ្សកដានី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងកាតា បានគាំទ្រគោលបំណងនៃការបង្រួបបង្រួមបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ដោយគាំទ្រដល់ការកសាងឡើងវិញ និងជំរុញអ្វីដែលពួកគេបានពិពណ៌នាថាជា «សន្តិភាព និងយូរអង្វែង»។ ចំណែកឯប្រទេសអ៊ីស្រាអែលវិញ ក៏​ទើប​តែ​​បញ្ជាក់ពីការត្រៀម​ចូលរួមរបស់ខ្លួនរួចហើយ ខណៈអារ៉ាប់រួម បារ៉ែន អាល់បានី អាមេនី អាស៊ែបៃហ្សង់ បេឡារុស្ស ហុងគ្រី កាហ្សាក់ស្ថាន ម៉ារ៉ុក និងវៀតណាម ក៏បានចុះឈ្មោះរួចហើយដែរ។

នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស កាលពីថ្ងៃពុធ ម្សិលម៉ិញ លោក ដូណាល់ ត្រាំ បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ក៏បានយល់ព្រមចូលរួមផងដែរ ប៉ុន្តែក្រោយមកសារព័ត៌មាន Reuters បានចេញផ្សាយថា ប្រធានាធិបតីរុស្ស៊ីរូបនេះបានឆ្លើយតបយ៉ាងរហ័ស ដោយនិយាយថា ប្រទេសរបស់លោកនៅតែកំពុងសិក្សាលើការអញ្ជើញនេះនៅឡើយ។

យ៉ាងណាម៉ិញ វានៅមិនទាន់ច្បាស់ទេថា តើមានប្រទេសប៉ុន្មានដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងស្ថាប័នថ្មីរបស់លោក ត្រាំ ពោលគឺ​កាណាដា និងចក្រភពអង់គ្លេសក៏ស្ថិតក្នុងចំណោមប្រទេសដែលទទួលបានការអញ្ជើញឱ្យចូលរួមពីលោក ដូណាល់ ត្រាំ ដែរ ប៉ុន្តែមិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ។

កាល​ពី​ថ្ងៃ​ពុធ បុរី​វ៉ាទីកង់​ក៏​បាន​បញ្ជាក់​ដែរ​ថា សម្ដេច ប៉ាប លីអូ (Pope Leo) បាន​ទទួល​ការ​អញ្ជើញហើយ ខណៈរដ្ឋលេខាធិការនៃបុរីវ៉ាទីកង់ លោក ខាឌីណាល់ ភីត្រូ ប៉ារ៉ូលីន បាននិយាយថា សម្តេចប៉ាបនឹងត្រូវការពេលវេលាដើម្បីពិចារណាថាតើត្រូវចូលរួមដែរឬទេ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បាននិយាយថា លោកបានបដិសេធការអញ្ជើញនេះ ដោយសារតែស្ថាប័ននេះអាចរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ។

យោងតាមឯកសារលេចធ្លាយមួយបាននិយាយថា ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាពនឹងចូលជាធរមាននៅពេលដែលរដ្ឋចំនួន៣ ចុះហត្ថលេខាយល់ព្រមជាផ្លូវការ ដោយរដ្ឋជាសមាជិកត្រូវបម្រើការក្នុងអាណត្តិ ៣ឆ្នាំ ដែលអាចបន្តបាន ដោយមានអាសនៈអចិន្ត្រៃយ៍សម្រាប់ប្រទេសដែលបរិច្ចាគថវិកាចំនួន ១ពាន់លានដុល្លារ។ ធម្មនុញ្ញបានប្រកាសស្ថាប័នជាអង្គការអន្តរជាតិដែលមានកាតព្វកិច្ចអនុវត្តមុខងារកសាងសន្តិភាពក្រោមច្បាប់អន្តរជាតិ ដោយមានលោក ត្រាំ ធ្វើជាប្រធាន និងដោយឡែកពីគ្នាជាអ្នកតំណាងសហរដ្ឋអាមេរិក និងកាន់អំណាចក្នុងការតែងតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ និងបង្កើត ឬរំលាយស្ថាប័នបុត្រសម្ព័ន្ធ។

សូមជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន សេតវិមានបានតែងតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិចំនួន៧រូប រួមមានទាំង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បេសកជនមជ្ឈិមបូព៌ា លោក Steve Witkoff កូនប្រសាររបស់ ត្រាំ គឺលោក Jared Kushner និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair​ផងដែរ៕

ប្រភព៖ BBC

Share.