មេដឹកនាំសេតវិមាន ប្រធានាធិបតី ត្រាំ ដែល​បច្ចុប្បន្នកំពុងកាច់ចង្កូតអាមេរិក​ ហាក់​មិន​បន្ថយល្បឿន ហើយកាន់តែ​ជាន់ហ្គែររោទិ៍ម៉ាស៊ីនបន្ថែម​ល្បឿនកាន់តែលឿមមិន​ឱ្យ​គូប្រជែងតាមទាន់យុទ្ធសាស្ត្រខ្លួននោះ​ឡើយ ។

ព្រោះ​គ្រាន់តែ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជប៉ុន ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនយូរប៉ុន្មានផង រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបន្តបោះជំហានបន្តទៅមុខទៀត ដោយផ្តោតលើការកែទម្រង់ផ្ទៃក្នុងដ៏ធំមួយ នោះគឺជាយុទ្ធនាការ «ឃ្លាំងអាវុធនៃសេរីភាព»  ដែលបង្ហាញពីចង់ស្ដារមូលដ្ឋានឧស្សាហកម្មការពារជាតិ និងផ្ដោតលើការផលិតសព្វាវុធដើម្បីវ៉ាដាច់ដៃគូប្រកួតប្រជែងលើសកល ដែលគេមើលឃើញថា​កំពុងព្យាយាមតាម​ឱ្យ​តាមទាន់ ប្រកៀកប្រកិត ឬវ៉ាដាច់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្វាក់នយោបាយក្រៅប្រទេស និងវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក បានបង្ហាញនូវចលនាយ៉ាងស្វាហាប់ និងមានយុទ្ធសាស្ត្រខ្ពស់ជាលំដាប់បន្តបន្ទាប់ទៅមុខគួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​គឺ​នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក​បានបើក​ប្រតិបត្តិការយោធាសម្ញែង​សព្វាវុធ និងវិ​សាលភាព​យោធាដ៏ខ្លាំង និងរឹងមាំរបស់ខ្លួន ដោយ​បានទៅចូលចាប់ប្រធានាធិបតី វេណេស៊ុយអេឡាដល់ក្នុង​ផ្ទះនោះតែម្ដង។

ដូច្នេះការបង្កើនសមយុទ្ធរួមគ្នា និងការផលិតមីស៊ីលរួមគ្នាជាមួយជប៉ុន គឺជាការរៀបចំខ្សែត្រៀមជួរមុខ ដែល​សហរដ្ឋអាមេរិក​បាន​គិតគូរយ៉ាងម៉ត់ចត់រួចទៅហើយ។ លោក ភីត ហេចសេត (Pete Hegseth) រដ្ឋលេខាធិការក្រសួងសង្គ្រាមអាមេរិក យល់ឃើញថា កម្លាំងជួរមុខនឹងមិនអាចរឹងមាំបានឡើយ ប្រសិនបើម៉ាស៊ីនផលិតអាវុធនៅជួរក្រោយមិនមានភាពរហ័សរហួន ដើម្បី​បម្រើ​ឱ្យ​កម្លាំងប្រយុទ្ធនៅជួរមុខ។ ដូច្នោះការទម្លាក់ចេញនូវយុទ្ធនាការ «ឃ្លាំងអាវុធនៃសេរីភាព» ដែលបានចាប់ផ្តើមនៅទីក្រុង Newport News រដ្ឋ Virginia គឺជាសញ្ញាប្រកាសអាសន្នទៅកាន់ពិភពលោកថា អាមេរិកកំពុងដាស់ «យក្សឧស្សាហកម្មផលិតគ្រឿងសព្វាវុធ» របស់ខ្លួនឱ្យភ្ញាក់ឡើងវិញហើយ។

តាមរយៈយុទ្ធនាការ​នេះ គេមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែងាកមកដោះស្រាយចំណុចខ្សោយដ៏ធំបំផុតរបស់ខ្លួន ដើម្បីពន្លឿននិង​ពង្រឹងឡើងវិញនូវខ្សែសង្វាក់ផលិតកម្មការពារជាតិដែលធ្លាប់មានសភាពយឺតយ៉ាវកន្លងមក។ នៅពេលធ្វើដំណើរទៅដល់ទីតាំងផលិតនាវាចម្បាំង និងស្ថានីយជ្រើសរើសបុគ្គលិក រដ្ឋលេខាធិការក្រសួងសង្គ្រាមរបស់ឥន្ទ្រីវិមានសរូបនេះ មិនមែនគ្រាន់តែបង្ហាញពីការដើរទស្សនកិច្ចនយោបាយធម្មតាៗឡើយ ប៉ុន្តែវាគឺជាការប្រកាសសង្គ្រាមលើរបៀបរបបធ្វើការបែបចាស់គំរិល ដើម្បីធានាថាអាមេរិកនៅតែជាមហាអំណាចមិនអាចប៉ះពាល់បាន។

រដ្ឋលេខាធិការក្រសួងសង្គ្រាមយល់ច្បាស់ថា ចំនួនទាហានតែម្យ៉ាងមិនអាចឈ្នះសង្គ្រាមទំនើបបានទេ ដូច្នេះហើយទើប យុទ្ធសាស្ត្រថ្មីនេះផ្តោតលើបច្ចេកវិទ្យាដែលនឹងផ្លាស់ប្តូរមុខមាត់សមរភូមិទាំងស្រុង។ សម្រាប់​ការ​ធ្វើ​សង្គ្រាម​ ​នៅ​យុគសម័យដែល​បច្ចេកវិទ្យា AI កំពុង​តែ​ដើរ​យ៉ាង​លឿនោះ​ ការ​ធ្វើ​សង្គ្រាម​ចាំបាច់​ត្រូវតែ​មាន​ជំនួយពី​បច្ចេកវិទ្យា ដោយសារកត្តាចំនួន ៣ ៖

ទី ១- វិស័យនេះត្រូវការបញ្ញាសិប្បនិម្មិត ឬ AI និងយន្តហោះគ្មានមនុស្សបើក ឬហៅថា Drones ដើម្បីចូលរួមជំរុញឱ្យមានការផលិតដ្រូនក្នុងបរិមាណមហាសាលដែលមានតម្លៃថោកតែមានប្រសិទ្ធភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងយុទ្ធសាស្ត្រហ្វូងដ្រូនរបស់គូប្រជែង។

ទី២-ការផ្ដោតលើបច្ចេកវិទ្យាអ៊ីពែរសូនិក (Hypersonic) វានឹងជំរុញពន្លឿនការផលិតអាវុធដែលធ្វើដំណើរលឿនជាងសំឡេងច្រើនដង ដើម្បីវ៉ាដាច់ភាពរីកចម្រើនរបស់មហាអំណាចដទៃផ្សេងទៀតដែលកំពុងនាំមុខលើចំណុចនេះ។

ទី ៣ – ការប្រើប្រាស់បច្ចេកវិទ្យាស៊ីវិល ឬ Commercial-First គឺជាការយកបច្ចេកវិទ្យាដែលអភិវឌ្ឍដោយក្រុមហ៊ុនដូចជា SpaceX ឬក្រុមហ៊ុនបច្ចេកវិទ្យានៅ Silicon Valley មកបំពាក់ក្នុងវិស័យយោធាភ្លាមៗ ដោយមិនចាំបាច់រង់ចាំការស្រាវជ្រាវរបស់រដ្ឋដែលប្រើពេលរាប់សិបឆ្នាំនោះឡើយ។

ចំណុចមុតស្រួចទាំង ៣ ខាងលើនេះ ត្រូវបានរដ្ឋលេខាធិការក្រសួងសង្គ្រាមនៅវិមានសចាត់ទុកថា ជាការវះកាត់មហារីកនៃប្រព័ន្ធទិញអាវុធរបស់អាមេរិក។ លោក ហេចសេត បានប្រើពាក្យធ្ងន់ៗថា ត្រូវកាត់បន្ថយបែបបទរដ្ឋបាលដែលស្មុគស្មាញបំផុតចោល។ វាមិនមែនជារឿងលេងសើចនោះទេដែលការផលិតនាវាចម្បាំងមួយគ្រឿងប្រើពេលជិត ១០ ឆ្នាំ ខណៈដែលគូប្រជែងអាចធ្វើបានលឿនជាងនេះនាពេលកន្លងមក។

កន្លងមក មុនពេលលេចចេញនូវរូបរាងស្ថាប័នក្រុមប្រឹក្សាសន្តិភាព លោក ត្រាំ ធ្លាប់ផ្ញើសារយ៉ាងមុតស្រួចថា អាមេរិកមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែអាមេរិកនឹងបង្ហាញថាខ្លួនមានសមត្ថភាពផលិតអាវុធបានច្រើន និងលឿនបំផុត រហូតដល់គ្មាននរណាហ៊ានសាកល្បងជាមួយបាន។ បន្ទាប់ពីបញ្ចេញសារខាងលើនេះ អាមេរិកក៏ចាប់ផ្កើមសម្ញែងសាច់ដុំតាមរយៈការផលិតសព្វាវុធទំនើប ដែលជាទម្រង់ថ្មីនៃសង្គ្រាមចិត្តសាស្ត្រថ្មីមួយទៀត ដើម្បីវាយបំបាក់ស្មារតីសត្រូវឱ្យ​បាន​មុន និង​ទប់ស្កាត់ជម្លោះមុនពេលវាចាប់ផ្តើម។

មែនទែនទៅស្របពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកចុះទៅដល់រោងចក្រផលិតនាវាចម្បាំង និងការតម្រូវឱ្យទាហានថ្មីស្បថចូលកាន់តំណែងនៅទីនោះ ប្រាកដណាស់ វាគឺជាការបង្ហាញថា កម្មករកាន់ញញួរ រីឯទាហានត្រូវតែកាន់កាំភ្លើង។ បើសិនគ្មានកម្មករដែលស្ទាត់ជំនាញ និងបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់ទេ អាមេរិកនឹងគ្រាន់តែរូបសំណាក់ឥន្ទ្រីមួយក្បាលដែលអំណាចត្រូវបានគេតាំងទុកចោលតែប៉ុណ្ណោះ។

នៅពេលដែលអាមេរិកងាកមកពង្រឹងលើ «ឃ្លាំងអាវុធនៃសេរីភាព» វាមិនត្រឹមតែបញ្ជាក់ថាអាមេរិកបានដេកលក់ក្នុងជ័យជម្នះយូរពេកហើយនោះទេ ប៉ុន្តែវាដល់ពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែងាកត្រឡប់មកក្លាយជាមហាអំណាចឧស្សាហកម្មយោធាលេខមួយម្ដងទៀត បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ទៅ។ យ៉ាងណាក៏ដោយ ការសម្ញែងសាច់ដុំលើវិស័យយោធាអាមេរិកនេះមិនមែនគ្រាន់តែជាការត្រៀមខ្លួនសម្រាប់សង្គ្រាមឡើយ ប៉ុន្តែវាគឺជាការកំណត់សណ្តាប់ធ្នាប់ពិភពលោកតាមរបៀបអាណានិគមថ្មីមួយទៀត ដែលអ្នកខ្លាំងជាងគេលើផ្នែកផលិតកម្ម និងបច្ចេកវិទ្យា គឺជាអ្នកដែលមាន​អំណាចអាចកំណត់ជោគវាសនានៃសន្តិភាព ស្របតាមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែល​ចង់​បង្កើតក្រុមប្រឹក្សាសន្តិភាព​ពិភពលោក​៕

Share.