នៅក្នុងពិភពនយោបាយគ្មានទេពាក្យថាមិត្តពិត និងសត្រូវជាយូរអង្វែង អ្វីដែលធ្វើទៅបានប្រយោជន៍ និងចំណេញ អ្នក​នយោបាយមិនខ្លាចប្រលែងលេងនោះ​ឡើយ ដោយមានឃ្លាដ៏ល្បីល្បាញមួយរបស់លោក Lord Palmerston​ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានលើកឡើងថា៖ យើងមិនមានមិត្តស្លាប់រស់ជារៀងរហូត ហើយក៏មិនមានសត្រូវជាអមតៈដែរ អ្វីដែលយើងមានគឺផលប្រយោជន៍ជារៀងរហូត និងជាអមតៈ។

ដូច្នេះការលេចឡើងនៃ «ក្រុមប្រឹក្សាសន្តិភាព» ឬ «Board of Peace» របស់លោក ដូណាល់ ត្រាំ កណ្តាលវេទិកា WEF ២០២៦ មិនមែនគ្រាន់តែជាការបង្កើតស្ថាប័នឯករាជ្យថ្មីមួយនោះទេ ប៉ុន្តែវាគឺជាសង្វៀនពាណិជ្ជកម្មថ្មីមួយទៀត ដែលបង្ខំឱ្យប្រទេសតូចៗដែលមិនមែនជាមហាអំណាច ត្រូវបង្ខំចិត្តចូលក្នុង​វង់លេងល្បែងនយោបាយ «ខ្លាឃ្លោក» យ៉ាងប្រុងប្រយ័ត្នបំផុត។

ល្បែងខ្លាឃ្លោកដែលមានលោក ដូណាល់ ត្រាំ ជាមេ កំពុងតែក្រឡុកលេងនេះ គឺសំដៅទៅដល់ការភ្នាល់លើជោគវាសនាប្រទេសនីមួយៗដែលស្ថិតក្រោមកណ្ដាប់ដៃរបស់លោកផ្ទាល់ជាអ្នកកំណត់។ ប៉ុន្តែបើប្រទេសមួយសម្រេចចិត្តបោះទុនចូលរួមជាមួយលោក ត្រាំ ក្នុងពេលនេះ វាប្រៀបដូចជាការដាក់ភ្នាល់ទាំងប្រថុយប្រថាន ជាមួយនឹងអនាគតដ៏ស្រពិចស្រពិល ម្ដងចេញ ខ្លា ឬម្ដងចេញ ឃ្លោក ដូច្នោះដែរ។

នៅក្នុងកែវភ្នែកអ្នកវិភាគខ្លះ ការចូលរួមនេះមើលទៅហាក់ដូចជា «នយោបាយអែបអប» ដើម្បីបញ្ចៀសការដំឡើងពន្ធបដិការ ឬដើម្បីទទួលបានការការពារពីមហាអំណាចអាមេរិក។ ប៉ុន្តែបើពិនិត្យឱ្យស៊ីជម្រៅជាងនេះ វាមិនមែនគ្រាន់តែជាការអែបអបដើម្បីរស់ ឬប្រៀបដូចជាការលេងល្បែងចាក់ខ្លាឃ្លោក មួយចានទឹក មួយចានគោក ជាមួយលោក ត្រាំ ទៅវិញទេ។

បណ្ដាសារព័ត៌មានបរទេសធំៗបានចុះផ្សាយអត្ថបទបញ្ជាក់ឱ្យដឹងថា ប្រទេសសមាជិករបស់ស្ថាប័ន ក្រុមប្រឹក្សាសន្តិភាព នឹងទទួលបាននូវទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលលោក ត្រាំ ដែលអាចផ្តល់នូវការធានាផ្នែកសន្តិសុខ ឬការគាំទ្រផ្នែកយោធាក្នុងករណីមានជម្លោះ។ សមាជិកទាំងអស់នោះ អាចនឹងទទួលបានការលើកលែងពន្ធ ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិក។

នៅពេលក្លាយជាសមាជិកអចិន្ត្រៃយ៍បន្ទាប់ពី ៣ ឆ្នាំ ប្រទេសទាំងនោះនឹងទទួលបានការបែងចែកថវិកាស្តារឡើងវិញនៅក្នុងតំបន់ជម្លោះ ដែលអាចផ្តល់ផលចំណេញដល់ក្រុមហ៊ុនសំណង់ ឬអាជីវកម្មក្នុងស្រុករបស់ពួកគេនោះក៏ដោយសារតែលោក ត្រាំ ចង់បង្កើតយន្តការថ្មី ដើម្បីឱ្យប្រទេសតូចៗអាចមានឥទ្ធិពលខ្លាំងជាងមុន បើធៀបនឹងការនៅក្រោមរចនាសម្ព័ន្ធដ៏ស្មុគស្មាញរបស់អង្គការសហប្រជាជាតិ។

ទោះជាមានផលចំណេញខ្លះពីអ្នកជំនួញនយោបាយល្មោភអំណាច និងសេដ្ឋកិច្ចមែន អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិខ្លះទៀត បែរជាយល់ឃើញថា ការចូលរួមក្នុងក្រុមប្រឹក្សានេះ គឺជាបង្ហាញប្រាប់ទៅពិភពលោកថា ខ្លួនដែលជាសាមីប្រទេស ឬសាមីរដ្ឋ បានឱ្យតម្លៃលើសណ្តាប់ធ្នាប់ដែលដឹកនាំដោយអាមេរិក ទោះបីជាក្នុងរូបភាពថ្មីក្រៅអង្គការសហប្រជាជាតិក៏ដោយ។ ចុះបើក្នុងពេលជាមួយគ្នា ប្រទេសទាំងនេះក៏មិនបានបោះបង់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនដែរ តើការចូលរួមជាមួយ ត្រាំ អាចគ្រាន់តែជាឈ្នាន់ ឬដើម្បីទាញយកប្រៀបក្នុងចរចាជាមួយចិនវិញឬយ៉ាងណា? ព្រោះពួកគេក៏មានជម្រើសផ្សេងដូចគ្នាដែរ។

មានសំណួរមួយបានចោទសួរទៀតថា តើការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពគឺជាការជ្រើសរើសប្លុក ដែលបញ្ជាក់ជំហរឈរក្នុងប្លុកសេរី ឬកុម្មុយនីស្ត មែនដែរឫទេ? តាមពិតទៅ នៅក្នុងយុគសម័យលោក ដូណាល់ ត្រាំ គឺមានគោលនយោបាយ America First ដែលវាបានបញ្ជាក់ថា ប្លុកមនោគមវិជ្ជាសេរី ឬកុម្មុយនីស្ត លែងជាបញ្ហាសំខាន់ទៀតហើយ អ្វីដែលសំខាន់គឺ «ផលប្រយោជន៍និយម»។

អ្នកនយោបាយចាស់វស្សា និងជាអ្នកជំនួញដែលគិតតែពីផលប្រយោជន៍ដូចជាលោក ត្រាំ មិនខ្វល់ថា អ្នកចូលរួមជាសមាជិក មកពីប្លុកប្រជាធិបតេយ្យ ឬកុម្មុយនីស្តនោះទេ ឱ្យតែអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក និងមិនធ្វើឱ្យអាមេរិកខាតបង់ គឺលោកទទួលយកបានទាំងអស់។

លោក ត្រាំ បានឃោសនាលក់កិច្ចព្រមព្រៀង និងធ្វើសំបុត្រអញ្ជើញប្រទេសជាង ៥០ថា ការចូលរួមអាចជួយឱ្យប្រទេសជាសមាជិក រួចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗពីអាមេរិក និងទទួលបានឱកាសក្នុងគម្រោងស្តារតំបន់ជម្លោះ ដែលអាចនាំមកនូវលំហូររូបិយបណ្ណអន្តរជាតិ។

ល្បែងមួយចានទឹកមួយចានគោកនេះ បើលេងមិនស្ទាត់អាចនឹងត្រូវ «ឈ្លក់ទឹកផង និងហួតហែងផង» ព្រោះមានសំណួរសួរទៀតថា អណត្តិរបស់ ត្រាំ នឹងត្រូវបញ្ចប់នៅពេលណា ហើយបានប៉ុន្មានអណត្តិទៀត? តើប្រធានធិបតីអាមេរិកថ្មីនឹងគាំទ្រគោលនយោបាយរបស់ ត្រាំ ដែរឬអត់? បើមេដឹកនាំអាមេរិកថ្មីរូបណាមើលឃើញថា ប្រទេសដែលជាសមាជិកគាំទ្រក្រុមប្រឹក្សាសន្តិភាព ត្រាំ គ្រាន់តែជាក្រុមអែបអបដើម្បីបោកប្រាស់ និងទាញយកប្រយោជន៍ នោះពួកគេនឹងត្រូវវាយបកវិញយ៉ាងធ្ងន់ធ្ងរក៏ថាបាន។

សូមជម្រាបថា មុនការចុះហត្ថលេខាលើធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦  លោក ត្រាំ បានប្រាប់តំណាងទាំង ២០ ប្រទេសដែលចូលរួមថា ក្រុមប្រឹក្សាសន្តិភាពបានចាប់ផ្តើមដំណើរការហើយ ហើយលោកបានបញ្ជាក់ថា ដំណើរការផ្សេងៗកំពុងប្រព្រឹត្តទៅយ៉ាងរលូន និង ស្ទើរតែគ្រប់ប្រទេសទាំងអស់សុទ្ធតែចង់ចូលរួមចំណែក។

ដូច្នោះហើយ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ គឺជាការហ៊ានលេងល្បែងខ្លាឃ្លោកនយោបាយ​ជាមួយលោក ត្រាំ ដូចគ្នា។ អ្នកដែលហ៊ានចូលមកលេង ប្រាកដណាស់គឺតម្រូវឱ្យមានខួរក្បាល​ឈ្លាស​វៃ​ និងការសម្រេចចិត្តដែលផ្អែកលើផលប្រយោជន៍ជាតិជាធំ ជាជាងការភ័យខ្លាច ឬការចង់បានត្រឹមតែមុខមាត់។ អនាគតទៅប្រទេសដែលជាសមាជិកត្រូវគិតម្ដងទៀតថា គួរ ឬមិនគួរ បើ លោក ត្រាំ ធ្លាប់អះអាងថា សមាជិកអចិន្ត្រៃយ៍ដែលនៅក្នុងស្ថាប័នឯករាជ្យមួយនេះគឺមិនស្ថិតក្រោមឥទ្ធិពលអាមេរិកទាំងស្រុងនោះទេ តើអ្នកណាជាអ្នកធានារ៉ាប់រងបន្ត?

Share.