ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ (DFEM) បានទទួលអាវុធខ្លី១ដើម ពីអ្នកស្ម័គ្រចិត្ត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីរក្សាទុក និងគ្រប់គ្រងតាមច្បាប់ និងវិធានការសុវត្ថិភាព។

តាម​ផេក​ផ្លូវ​ការ​របស់​ នាយក​ដ្ឋាន​គ្រប់គ្រង​អាវុធ​ ជាតិ​ផ្ទុះ​-DFEM បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ​ឆ្នាំ​២០២៦​ថា នាយការិយាល័យគ្រប់គ្រងអាវុធ ដឹកនាំមន្រ្ដីជំនាញចំនួន ៥រូប សហការជាមួយមន្រ្តីការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅទទួលអាវុធខ្លីចំនួន ១ដើម ពីអ្នកស្ម័គ្រចិត្តប្រគល់អាវុធជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ តាមរយៈនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ដើម្បីរក្សាទុកនិងគ្រប់គ្រងបន្ត។

ជាមួយគ្នា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ-DFEM បានអំពាវនាវដល់មន្ត្រីរាជការ, មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ អ្នកដែលមិនប្រើអាវុធ ឬចូលនិវត្តន៍/មរណភាព សូមប្រគល់អាវុធទៅ DFEM ដើម្បីរក្សាទុក និងគ្រប់គ្រងតាមវិធានការ។ ការប្រគល់ និងគ្រប់គ្រងអាវុធនេះ ជួយចូលរួមថែរក្សា សន្តិសុខ, សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕

Share.