ម្ចាស់ជើងឯកឆ្នាំចាស់ ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង បានប្រកាសពីការ​វិលត្រលប់មកវិញ​ពីសំណាក់​កីឡាករ Sherigar Praful អ្នកធ្វើរនាំងកណ្តាលល្អជាងគេ និងកីឡាករ Nguyễn Văn Quốc Duy ជនជាតិវៀតណាម ត្រៀមចូលរួមក្នុងការប្រកួតពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ ។

ចំពោះកីឡាករ Sherigar Praful រូបគេធ្លាប់បានចូលរួមជាមួយក្លិបបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ១លើករួចមកហើយ ដោយក្នុងនោះធ្លាប់ប្រកួតក្នុងពានរង្វាន់តេជោលីគ និងជាប់ឈ្មោះជាកីឡាករធ្វើរនាំកណ្តាល ល្អជាងគេ ថែមទៀតផង។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦នេះ មាន៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី។

បើនិយាយពីរូបមន្តប្រកួតផ្នែកបុរសគឺ ក្រុមទាំង៣២​នៃផ្នែក​បុរស​ត្រូវបានបែង​ចែក​ជា៨​ពូល ក្នុងមួយ​ពូលគឺ​មាន​ចំនួន​៤ក្រុម ខណៈផ្នែកនារីវិញគឺបែង​ចែកជា២ពូល ក្នុងមួយពូលមានចំនួន៤ក្រុម ដូចគ្នា ។ក្រុម​ដែលមាន​ចំណាត់​ថ្នាក់លេខ១ដល់លេខ២ក្នុងពូលនីមួយៗទាំង៨ពូល នឹងមាន​ឈ្មោះ​ឡើងទៅ​កាន់​ការប្រកួតវគ្គ១៦​ក្រុម​ចុង​ក្រោយ និងបន្តប្រកួតជម្រុះយកក្រុមទៅវគ្គ៨ក្រុម រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ 

សូមរំឮកថា ​ក្លិបកីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង គឺជា​ម្ចាស់​ជើង​ឯក​ នៃពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើកទី៣ កន្លងទៅ ក្រោយ​យក​ឈ្នះ​សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ដោយ​លទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតនោះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

​គូរឱ្យដឹងថា ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង រដូរកាលទី១ រៀបចំឡើងដំបូង​នៅឆ្នាំ​២០២២ ម្ចាស់ជើងឯក គឺសមាគម​កីឡាបាល់ទះវិសាខា B, រដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់​ជើង​ឯក គឺ​សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង​ចុង​ក្រោយ​រដូវ​កាលទី៣ ឆ្នាំ២០២៤ ម្ចាស់​ជើង​ឯក គឺស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

កម្មវិធីប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤

Share.