ឧប្បត្តិហេតុដ៏រន្ធត់មួយបានកើតឡើងជាថ្មីម្តងទៀតនៅក្នុងតំបន់ឧទ្យានធម្មជាតិ Khao Yai ដ៏ល្បីមួយរបស់ប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានបណ្តាលឱ្យភ្ញៀវទេសចរវ័យចំណាស់ម្នាក់ត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅចំពោះមុខភរិយាលោក។ ហេតុនេះបានបង្កចម្ងល់យ៉ាងក្ដៅគគុកអំពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ នៅក្នុងតំបន់អភិរក្សដែលល្បីឈ្មោះមួយនេះ។

ជនរងគ្រោះឈ្មោះ លោក ជីរ៉ាត់ឆៃ អាយុ ៦៥ ឆ្នាំ បានក្លាយជាចំណីនៃកំហឹងសត្វដំរីព្រៃចុះប្រេង ខណៈពេលដែលលោក និងភរិយាកំពុងហាត់ប្រាណនៅខាងមុខស្នាក់ការយាមល្បាតនៃឧទ្យានជាតិ Khao Yai។ ទោះបីជាភរិយារបស់លោកអាចរត់គេចផុតពីគ្រោះថ្នាក់ ប៉ុន្តែលោកបុរសវ័យចំណាស់រូបនេះត្រូវបានដំរីព្រៃដេញតាមប្រមាញ់ រហូតបណ្តាលឱ្យមានរាងកាយរបួសធ្ងន់ធ្ងរ និងដាច់ដៃជើង។ យ៉ាងណាមិញនៅពេលដែលភ្ញៀវទេសចរអាចជួបគ្រោះថ្នាក់ដល់ថ្នាក់បាត់បង់ជីវិត នៅចំពីមុខស្នាក់ការយាមល្បាតរបស់មន្ត្រីឧទ្យានបែបនេះ បានបង្ហាញពីចន្លោះប្រហោងយ៉ាងធំនៃប្រព័ន្ធការពារសុវត្ថិភាព។
ក្រោយកើតហេតុ អាជ្ញាធរថៃគ្រាន់តែចេញមកសម្តែងការសោកស្តាយ និងសន្យាផ្តល់ប្រាក់សំណងតាមនីតិវិធីរដ្ឋបាលប៉ុណ្ណោះ ដែលនេះគឺជាវប្បធម៌ដោះស្រាយបញ្ហាចុងក្រោយ ដែលហាក់មិនបានផ្តល់តម្លៃដល់អាយុជីវិតមនុស្សជាចម្បងឡើយ។ ប៉ុន្មានឆ្នាំមកនេះ ករណីដំរីព្រៃចុះប្រេង ឬសត្វសាហាវក្នុងឧទ្យានថៃដែលបានធ្វើបាបភ្ញៀវទេសចរបានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែវិធានការបង្ការទុកជាមុន ដូចជាការរៀបចំរបងការពារ ការដំឡើងប្រព័ន្ធព្រមានទុកជាមុន ឬការបែងចែកតំបន់សុវត្ថិភាពឱ្យបានដាច់ស្រឡះ ហាក់នៅមានកម្រិតទាបបំផុត។
ជាមួយគ្នាហេតុការណ៍អាក្រក់ខាងលើនេះ មន្ត្រីឧទ្យានជាតិថៃបានត្រឹមតែចេញមុខមកក្រើនរំលឹកដល់ភ្ញៀវទេសចរឱ្យបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង ក្រោមហេតុផលថាជារដូវខ្យល់ធ្លាក់ សត្វព្រៃតែងតែចេញមករកចំណីក្បែរសហគមន៍ និងនៅលើផ្លូវទេសចរណ៍ក្នុងឧទ្យានតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះ ហាក់បីដូចជាការរុញទំនួលខុសត្រូវទៅឱ្យភ្ញៀវទេសចរវិញ។ ហេតុការណ៍សោកនាដកម្មនេះគឺជាមេរៀនដ៏ជូរចត់ និងសារការដាស់តឿនដល់អ្នកទេសចរដែលគ្រោងនឹងទៅកម្សាន្តនៅតំបន់ធម្មជាតិក្នុងប្រទេសថៃ គួរតែពិចារណាលើសុខភាពផ្ទាល់ខ្លួនជាចំបង។
គួររំលឹកថា នៅអំឡុងដើមឆ្នាំ ២០២៤ ធ្លាប់មានករណីដំរីព្រៃចុះប្រេងរត់ចេញពីឧទ្យានធម្មជាតិ Khao Yai បង្កឱ្យភ្ញៀវទេសចរជាច្រើននាក់ផ្អើលរត់បុកគ្នាដើម្បីស្វែងរកចម្ងាយ និងទីមានសុវត្ថិភាព។ ហើយនៅអំឡុងចុងឆ្នាំ ២០២៤ ដដែលក៏ធ្លាប់មានករណីដំរីព្រៃចុះប្រេងនៅប្រទេសថៃដែលបានសម្លាប់ជីវិតភ្ញៀវទេសចរម្នាក់អំឡុងពេលទស្សនាសត្វព្រៃក្នុងឧទ្យាន និងបានបញ្ជាឱ្យបិទឧទ្យានជាតិល្បីមួយបណ្ដោះអាសន្្ននោះភ្លាមៗផងដែរ៕

