សារព័ត៌មានអន្តរជាតិ Reuters បានចុះផ្សាយនូវរបាយការណ៍មួយដែលដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ថៃ ពាក់ព័ន្ធនឹងការវាយលុកចូលមកលើទឹកដីកម្ពុជាក្នុងតំបន់អូរស្មាច់ យ៉ាងណាមិញសារព័ត៌មាននេះ ក៏បានផ្សារភ្ជាប់នូវការបកស្រាយ និងប្រតិកម្មយ៉ាងម៉ឺងម៉ាត់របស់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា ដែលបានលាតត្រដាងនូវកលល្បិចនៅពីក្រោយទង្វើរំលោភបំពានច្បាប់អន្តរជាតិរបស់យោធាថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជាផងដែរ។

លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Reuters នៅក្នុងការចុះផ្សាយកាលពីថ្ងៃចន្ទទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញនេះ ថា ការដែលយោធាថៃលើកយកបញ្ហាមជ្ឈមណ្ឌលឆបោក ឬ Scam Online មកធ្វើជាកម្មវត្ថុនៃការវាយប្រហារតាមអាកាស និងវាយលុកលុយចូលកាន់កាប់អគារក្នុងតំបន់អូរស្មាច់ទាំងខុសច្បាប់នោះ គឺគ្រាន់តែជាលេស ដើម្បីធ្វើការវាយប្រហារយោធាមកលើកម្ពុជាតែប៉ុណ្ណោះ។ បើតាមទស្សនៈច្បាប់អន្តរជាតិ ទោះក្នុងករណីមានបទល្មើសឆ្លងដែនក៏ដោយ រដ្ឋមួយមិនមានសិទ្ធិប្រើប្រាស់កម្លាំងយោធាបាញ់បោះ ឬចូលមកកាន់កាប់ទឹកដីរដ្ឋមួយទៀតដោយឯកតោភាគីបាននោះឡើយ។
យោធាថៃបានព្យាយាមចោទនិងបង្ហាញភស្តុតាងដូចជា ស៊ីមកាត និងឯកសារផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលឱ្យការិយាល័យសហព័ន្ធស៊ើបអង្កេត FBI ភាន់ច្រឡំមកលើកម្ពុជាថាជាជម្រកនៃបទល្មើសឧក្រិដ្ឋកម្ម ។ ប៉ុន្តែពីភាគីកម្ពុជា លោកបណ្ឌិត ទូច សុខៈ បានច្រានចោលការចោទប្រកាន់ទាំងនេះ ថាជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។ ការបង្ក្រាបបទល្មើសនៅលើទឹកដីកម្ពុជា គឺជាអធិបតេយ្យភាព និងយុត្តាធិការដាច់ខាត របស់អាជ្ញាធរមានសមត្ថិកិច្ចកម្ពុជា ដូច្នេះសកម្មភាពរបស់យោធាថៃនាពេលកន្លងមក ដែលបានវាយប្រហារមកលើតំបន់កាស៊ីណូ អគារស៊ីវិល និង អគាររដ្ឋបាល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងបូរណភាពទឹកដី។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានអន្តរជាតិដ៏ល្បីនិងមានឥទ្ធិពលមួយនេះបន្តដែរថា រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹងក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមានផែនការច្បាស់លាស់ក្នុងការលុបបំបាត់ឱ្យអស់ត្រឹមខែមេសាខាងមុខ។ ការណ៍នេះសបញ្ជាក់ថា កម្ពុជាមិនត្រូវការការជ្រៀតជ្រែកតាមបែបយោធាពីប្រទេសជិតខាងដែលបង្កឱ្យមានអស្ថិរភាពតាមព្រំដែននោះទេ។
លោកបណ្ឌិត ទូច សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ៖
ចំពោះទង្វើនិងសកម្មភាព ហិង្សា របស់យោធាថៃ ដែលបានប្រើប្រាស់គ្រាប់បែកវាយប្រហារមកលើតំបន់ដែលមានអគារស្នាក់នៅ ដូចដែល Reuters បានរាយការណ៍ថាមានអគារ ៦ ជាន់ត្រូវបានបំផ្ទុះ គឺជាទង្វើដែលគួរត្រូវបានថ្កោលទោស។ ប្រសិនបើភាគីថៃពិតជាបារម្ភពីបញ្ហាមនុស្សធម៌ សិទ្ធិមនុស្ស និងការជួញដូរមនុស្សដូចការលើកឡើងមែននោះ ពួកគេគួរតែប្រើប្រាស់យន្តការសហប្រតិបត្តិការប៉ូលិសអន្តរជាតិ ឬគណៈកម្មាធិការព្រំដែន មិនមែនប្រើប្រាស់កម្លាំងបាយទាំងកំរោល មកដោះស្រាយបញ្ហាស៊ីវិលបែបនេះឡើយ។
សរុបសេចក្ដីមកវិញ សកម្មភាពហិង្សាប្រកបដោយគ្រោះថ្នាក់ របស់យោធាថៃនៅតំបន់អូរស្មាច់ មិនមែនជាកិច្ចប្រតិបត្តិការអនុវត្តច្បាប់នោះទេ ប៉ុន្តែវាគឺជាការរំលោភបំពានដែនដីកម្ពុជាក្រោមរូបភាពមួលបង្កាច់។ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាជំហររឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបន្តដោះស្រាយបញ្ហាបទល្មើសឆ្លងដែនតាមផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការដោយស្មើភាព៕

