មិត្តរួមសញ្ជាតិ Bryan Bagunas គឺកីឡាករ Ave Joshua Retamar អ្នកលើកបាល់សញ្ជាតិហ្វីលីពីន យល់ព្រមចូលរួមជាមួយក្លិបបាល់ទះវិសាខា ត្រៀមសម្រាប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦។

កីឡាករ Joshua Retamar ឈ្មោះហៅក្រៅថា Owa កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ផ្លាស់ពីក្លិបបាល់ទះ Cignal HD Spikers លីគកំពូលហ្វីលីពីន។
រូបគេជាប់ជម្រើសជាតិក្រុមបាល់ទះហ្វីលីពីន តាំងពីឆ្នាំ ២០១៩ ធ្លាប់ឈ្នះមេដាយប្រាក់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ និងមេដាយសំរិទ្ធិ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។
ស្របពេលម្ចាស់ជើងឯកឆ្នាំចាស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រកាសពីការវិលត្រលប់មកវិញពីសំណាក់កីឡាករ Sherigar Praful ជនជាតិឥណ្ឌា អ្នកធ្វើរនាំងកណ្តាលល្អជាងគេ និងកីឡាករ Nguyễn Văn Quốc Duy ជនជាតិវៀតណាម ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦។
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភ: ដោយមាន៣២សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់ផ្នែកនារី៕

