ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ៣-០ ត្រឹមសប្ដាហ៍ទី១៦ មានពិន្ទុដាច់គេ កាលពីថ្ងៃទី១ កុម្ភ: ២០២៦ បើទោះជានៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ។

ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ ឆ្លងកាត់ ១៦ប្រកួត ចាញ់តែ១ប្រកួតប៉ុណ្ណោះ នៅតែបន្តឈរកំពូលតារាង មាន៤៥ពិន្ទុ។ តារាងចំណាត់ថ្នាក់ Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី១៦៖

សម្រាប់២ប្រកួតទៀតរបស់ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ ដែលនៅសល់គឺត្រូវជួបព្រះខ័នរាជាស្វាយរៀង សប្ដាហ៍ទី១៧ នៅថ្ងៃទី៨ កុម្ភ: ២០២៦ និងប្រកួតចុងក្រោយ ត្រូវជួបកងយោធពលខេមរភូមិន្ទ សប្ដាហ៍ទី១៨ នៅថ្ងៃទី១៥ កុម្ភ: ២០២៦ មុនបញ្ចប់រដូវកាល នៃពានរង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ ។

ដោយឡែកសម្រាប់ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៨ឆ្នាំ ឆ្លងកាត់១៦ប្រកួត ឈ្នះ១៤ប្រកួត ស្មើ ១ ចាញ់តែ ១ប្រកួតប៉ុណ្ណោះ ឈរនៅកំពូលតារាង មាន៤៣ពិន្ទុ។ តារាងចំណាត់ថ្នាក់ Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី១៦៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕


