ទោះបីជាមានការសន្យាពង្រឹងសន្តិសុខក៏ដោយ ប៉ុន្តែស្ថានភាពនៅតំបន់ភាគខាងត្បូងនៅតែបន្តបង្ហាញពីភាពអសន្ដិសុខ ខណៈដែលពលរដ្ឋថៃ ត្រូវរស់នៅទាំងភិតភ័យ និងប្រុងប្រយ័ត្នដោយខ្លួនឯង ក្រោយពេលសមត្ថកិច្ចបានរកឃើញគ្រាប់បែកបង្កៃ (IED) ចំនួន ៤គ្រាប់បន្ថែមទៀត ដែលលាក់ទុកក្នុងចម្ការចេកក្បែរលំនៅដ្ឋានមួយក្នុងខេត្តយ៉ាឡា (Yala)។ ហេតុការណ៍នេះបានឆ្លុះបញ្ចាំងពីការរីកដាលនៃបណ្តាញក្រុមទាមទារឯករាជ្យ ដែលចង់ផ្ដាច់ខ្លួនពីប្រទេសថៃ ដែលរដ្ឋាភិបាលហាក់នៅមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ។

យោងតាមការចេញផ្សាយដោយ Amarin TV កាលពីថ្ងៃទី១៥ ម្សិលម៉ិញ ក្រុមមន្រ្តីបានរកឃើញគ្រឿងបំផ្ទុះកែច្នៃលាក់ក្នុងដើមចេក ដែលក្នុងនោះមាន ៣គ្រាប់ដំឡើងរួចរាល់ និង ១គ្រាប់ទៀតកំពុងដំឡើង រួមជាមួយគ្រឿងផ្ទុះដទៃទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនល្មើសបានប្រើប្រាស់ផ្ទះមួយកន្លែងជាជម្រក និងជាកន្លែងដំឡើងគ្រាប់បែក ដើម្បីត្រៀមបង្កហេតុក្នុងតំបន់ក្បែរខាង។ បច្ចុប្បន្ន វត្ថុគ្រោះថ្នាក់ទាំងអស់ត្រូវបានដកហូត និងកម្ទេចចោលដោយសុវត្ថិភាពហើយ។

យ៉ាងណាម៉ិញ ការដែលក្រុមជនល្មើសអាចប្រើប្រាស់ទីតាំងមួយធ្វើជាកន្លែងផលិតគ្រាប់បែកបានយ៉ាងងាយស្រួល បង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធចារកម្ម និងការយាមកាមរបស់រដ្ឋាភិបាលក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ បើទោះបីជាមានការកម្ទេចចោលនូវវត្ថុគ្រោះថ្នាក់ទាំងនោះក៏ដោយ ប៉ុន្តែការបង្កើនវិធានការសន្តិសុខរបស់ប្រទេសថៃ គឺជាការដើរក្រោយជំហានរបស់ក្រុមឧទ្ទាមជានិច្ច។

ប្រការទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅខេត្តភាគខាងត្បូង ត្រូវរស់នៅទាំងភិតភ័យ ដោយការខ្លាចរអា ចំពោះសុខសុវត្ថិភាពខ្លួនឯង ព្រោះអាជ្ញាធរថៃ មិនមានសមត្ថភាពក្នុងការបង្ក្រាប ទប់ស្កាត់ឬកម្ទេចឱ្យមានប្រសិទ្ធិភាពនោះឡើយ។

បច្ចុប្បន្នអាជ្ញាធរកំពុងពន្លឿនការប្រមូលភស្តុតាងវិទ្យាសាស្ត្រ ដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងដាក់វិធានការរឹតបន្តឹងសន្តិសុខក្នុងតំបន់ប្រឈម។ ជាមួយគ្នានេះ ក៏មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើឃើញវត្ថុអ្វីដែលគួរឱ្យសង្ស័យ សូមរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់៕

ប្រភព៖ Amarin

Share.