ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹង​ត្រូវ​ជួប​ជាមួយ Lion City Sailors FC នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល B នា​ថ្ងៃទី៥ កុម្ភ: ក្នុងកីឡដ្ឋាន​ Jalan Besar ម៉ោង ៧:៣០​នាទីយប់ ក្នុងកីឡដ្ឋាន​ Jalan Besar។

ការប្រកួត​រាត្រី​នេះ ក៏​ជា​ជំនួប​ដែល​អ្នក​គាំទ្រទន្ទឹង​រង់​ចាំថា​នឹង​ជក់​ចិត្ត ដោយ​ក្រុម​រងជើងឯក AFC Champions League Two Lion City Sailors FC ទទួល​ក្រុម​ រងជើងឯក AFC Challenge League ព្រះខ័នរាជស្វាយរៀង រដូវកាលមុន។

មុន​ការប្រកួត​មក​ដល់លោក Matthew McConkey គ្រូបង្គោល​ព្រះខ័នរាជស្វាយរៀង បាន​លើក​ឡើង​ថា៖ ការប្រកួត​របស់​ពួក​យើង​សុទ្ធ​តែមានការប្រកួតប្រជែងខ្ពស់ ក្រុម​ពួក​យើង​មានការរៀបចំល្អប្រសើរ​ជាង​មុន តែយ៉ាង​ណាយើង​សង្ឃឹម​ថានឹង​ធ្វើ​បានល្អផង​ដែរ

ដោយឡែកសម្រាប់ប្រធានក្រុម សឿយ វិសាល ថា៖ «យើងធ្វើបានល្អរហូតមកដល់ពេលនេះនៅក្នុងពានរង្វាន់ Shopee Cup ហើយយើងស្ទើរតែយកឈ្នះ Johor។ សម្រាប់ការប្រកួតជាមួយ Lion City Sailors FC ការផ្តោតអារម្មណ៍របស់យើងគឺ រក្សាការប្រមូលអារម្មណ៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យយើងអាចទទួលបានជ័យជម្នះ និងរក្សាក្តីសង្ឃឹមរបស់យើងក្នុងការឡើងទៅវគ្គបន្ទាប់»

សម្រាប់លទ្ធផល និងកម្មវិធីប្រកួត​របស់​ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួម​មាន៖

  • ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
  • ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ជួប ព្រះខ័នរាជស្វាយរៀង

ងាក​មកជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែមករា កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេល។

ឆ្លងកាត់​ ៣ប្រកួត​រួចមក ក្នុងពាន​រង្វាន់ក្លិបក្នុងតំបន់អាស៊ាន ​ព្រះខ័នរាជស្វារៀង ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៣ ឈ្នះ១ ស្មើ១ និងចាញ់១ មាន​៤ពិន្ទុ។

ដោយ​ឡែក​សម្រាប់​ការប្រកួតនៅ​ក្នុង​ពូល A វិញ​បាន​រក​ឃើញ​ក្រុម​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្ររួច​រាល់ គឺក្រុម​ Buriram United (ថៃ) ក្រោយ​ឈរ​លេខ១ ក្នុង​ពូល ៥ប្រកួត ឈ្នះ២ ស្មើ៣ មាន​ ៩ពិន្ទុ ក្រុម Selangor FC (ម៉ាឡេស៊ី) ឈរ​លេខ២ ៥ប្រកួត ឈ្នះ២ ស្មើ៣ មាន​ ៩ពិន្ទុ ដូច​គ្នា​តែចាញ់គ្រាប់​បាល់។

សូម​បញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹង​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ។

ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់​២ ដោយ​បាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ASEAN Club Championship នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ៕

Share.