ករណីផ្ទុះគ្រាប់បែកក្នុងស្ថានីយប្រេងឥន្ធនៈ នៅស្រុកមឿង នៃខេត្តប៉ាតានី ដែលបង្កឱ្យពលរដ្ឋភ័យខ្លាច ត្រូវបានគេដឹងច្បាស់ថាជាស្នាដៃរបស់ក្រុមទាមទារឯករាជ្យនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង។

អាជ្ញាធរបានរាយការណ៍ថា គេបានរកឃើញឧបករណ៍ផ្ទុះកែច្នៃនៅតាមស្ថានីយប្រេងឥន្ធនៈ PTT ចំនួនបីកន្លែង ក្នុងឃុំ Sabarang និងឃុំ Talubo ក្នុងស្រុកមឿង កាលពីយប់ថ្ងៃអង្គារ ដែលបង្កឱ្យមានការដាក់ពង្រាយអ្នកជំនាញ EOD ដើម្បីទៅដោះគ្រាប់បែកទាំងនោះ។

នៅស្ថានីយ PTT មួយកន្លែងលើដងផ្លូវហាយវ៉េលេខ ៤១០ (ប៉ាតានី-យ៉ាឡា) ក្នុងតំបន់ Talubo អ្នកសម្អាតម្នាក់ត្រូវបានរាយការណ៍ថា បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យនៅក្នុងបន្ទប់ទឹកសម្រាប់ជនពិការ។ យោងតាមទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់ភាគខាងត្បូង អ្នកជំនាញ EOD ម្នាក់បានរកឃើញគ្រាប់បែកកំណត់ម៉ោងចំនួនពីរគ្រាប់ នៅក្នុងបន្ទប់ទឹកនោះ។

អ្នកជំនាញរូបនេះបានដោះគ្រាប់បែកមួយគ្រាប់បានសម្រេចនៅក្នុងបន្ទប់ទឹកកុមារ ប៉ុន្តែនៅពេលដែលកំពុងព្យាយាមដោះគ្រាប់បែកទីពីរនៅក្នុងបន្ទប់ទឹកមនុស្សធំ គ្រាប់បែកនោះក៏បានផ្ទុះឡើង។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅម៉ោង ៩:១៥ នាទីព្រឹក។ មន្ត្រីដែលរងរបួសត្រូវបានកំណត់អត្តសញ្ញាណថាជា នាយចំណង់នគរបាល Pichitpan Vejjacheewee។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ាតានី ជាមួយនឹងរបួសធ្ងន់ធ្ងរនៅដៃខាងស្តាំ។

ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅតាមស្ថានីយប្រេងឥន្ធនៈ PTT នាពេលនេះ គឺជាយុទ្ធសាស្ត្រផ្ញើសារព្រមាន ពីសំណាក់ក្រុមបំបែករដ្ឋភាគខាងត្បូងថៃ ដើម្បីបង្ហាញពីសមត្ថភាពក្នុងការវាយប្រហារលើនិមិត្តរូបសេដ្ឋកិច្ចរបស់រដ្ឋ និងបង្កចលាចលក្នុងទីសាធារណៈ។

សកម្មភាពដែលប្រើប្រាស់គ្រាប់បែកកំណត់ម៉ោង និងការដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបែបនេះ មិនត្រឹមតែជាការសងសឹកទៅនឹងការបង្ក្រាបរបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាព្រមានបង្កើនសម្ពាធនយោបាយឱ្យរដ្ឋាភិបាលថៃមើលឃើញថា វិធានការសន្តិសុខនៅមានចន្លោះប្រហោង ហើយស្ថានភាពនៅក្នុងតំបន់នឹងនៅតែបន្តស្ថិតក្នុងភាពផុយស្រួយ ដរាបណាមិនទាន់មានដំណោះស្រាយពិតប្រាកដណាមួយនោះ។

គួររំលឹកផងដែរថា ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១ កន្លែង ធ្លាប់បានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការដុតបំផ្លាញ នៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងចំនួនបី រួមមាន ប៉ាតានី ណារ៉ាធិវ៉ាត់ និងយ៉ាឡា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ ដែលបណ្តាលឱ្យមនុស្ស ៤ នាក់រងរបួសនាពេលនោះ៕

ប្រភព៖ Bangkok Post

Share.