នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បុរសម្នាក់អាយុ ៦២ ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលថៃចាប់ឃាត់ខ្លួន ក្នុងករណីរួមគំនិតសម្លាប់អ្នកដទៃតាមដីកាចាប់ខ្លួនរបស់អាជ្ញាធរតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឃាត់ខ្លួនបាននៅផ្ទះមួយកន្លែងក្នុងសង្កាត់ឡាំផាក់ឈី ខណ្ឌណងចក ក្រុងបាងកក។

ហេតុការណ៍ឃាតកម្មខាងលើ បានកើតឡើងតាំងពីឆ្នាំ ១៩៨៩ នៅពេលដែលសមត្ថកិច្ចហុងកុងបានទទួលរបាយការណ៍ថាមានបុរសម្នាក់ត្រូវបានគេសម្លាប់ រួចយកសាកសពទៅកប់លាក់ទុកនៅតំបន់ឆ្នេរខ្សាច់ ហើយតុលាការបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ដែលកន្លងមកបក្សពួកត្រូវបានចាប់ខ្លួនស្ទើរតែអស់ហើយ នៅសល់តែជនសង្ស័យរូបនេះដែលជាមេខ្លោងសំខាន់ ដោយរងការចោទប្រកាន់ថាជាអ្នកប្រើប៉ែលវាយជនរងគ្រោះរហូតដល់ស្លាប់។

ក្រោយមក អាជ្ញាធរហុងកុងបានសម្របសម្រួលជាមួយបញ្ជាការដ្ឋាននគរបាលស៊ើបអង្កេតកណ្តាលឱ្យជួយតាមដានចាប់ខ្លួន ព្រោះសង្ស័យថាបានរត់មកលាក់ខ្លួនក្នុងប្រទេសថៃតាំងពីឆ្នាំ ១៩៩៤ រហូតដល់សមត្ថកិច្ចរកឃើញបុរសសង្ស័យកំពុងបើកហាងលក់បបរគ្រឿងក្បាលត្រីយីហោ “អាប៉ាក់” នៅតំបន់ឡាំផាក់ឈី ទើបសុំដីកាពីតុលាការដើម្បីចូលចាប់ខ្លួន។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបុគ្គលតាមដីកាចាប់ខ្លួនពិតមែន ដោយបានរត់គេចខ្លួនចូលប្រទេសថៃកាលពីឆ្នាំ ១៩៩៤ ហើយធ្លាប់បើករោងចក្រតូចមួយនៅខេត្តសមុទ្រប្រាកាន មានភរិយាជាជនជាតិថៃ និងមានកូនចំនួន ៣ នាក់ ចំណែកឯរឿងក្តីសម្លាប់មនុស្សនោះ ខ្លួនសុំមិនផ្ដល់ចម្លើយអ្វីឡើយ។ ជាបឋម សមត្ថកិច្ចបានចោទប្រកាន់ពីបទ “លួចចូលស្រុកដោយខុសច្បាប់” ខណៈដែលនៅថ្ងៃទី ៤ កុម្ភៈនេះដែរ អគ្គស្នងការនគរបាលហុងកុងនឹងធ្វើដំណើរមកកាន់បញ្ជាការដ្ឋាននគរបាលស៊ើបអង្កេតកណ្តាល ដើម្បីប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសឆ្លងដែនរវាងថៃ និងហុងកុង ព្រមទាំងរៀបចំនីតិវិធីបញ្ជូនខ្លួនជនសង្ស័យទៅផ្ដន្ទាទោសនៅហុងកុងបន្ត។

ថៃ គឺជាទ្រនំដ៏សុខសាន្តសម្រាប់ឧក្រិដ្ឋជន ឃាតក និងក្រុមមនុស្សល្មើសច្បាប់ រត់មកសម្ងំលាក់ខ្លួន ឬគេចចេញពីការតាមចាប់ ខណៈដែលប្រទេសថៃក៏ជាទីតាំងដ៏ពេញនិយមដែលឧក្រិដ្ឋជន ឬអ្នកចង់ប្រព្រឹត្តិបទល្មើសនានាជ្រើសរើសយកប្រទេសនេះជាទីតាំងប្រព្រឹត្តិសកម្មភាពខុសច្បាប់ផ្សេងៗផងដែរ ដូចករណីឃាតកម្មសាហាវឃោរឃៅមួយចំនួនដែលបានកើតឡើងនៅក្នុងប្រទេសថៃ ដែលឃាតកបានសម្លាប់មនុស្សរួចរត់គេចខ្លួនបាត់ស្រមោល ឬគេចត្រលប់ទៅស្រុកកំណើតវិញ៕

