កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ រួចថតវីដេអូបង្ហោះចែកចាយតាមបណ្ដាញសង្គម។





ក្រោយការស្រាវជ្រាវ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ចំណោមបក្ខពួកសរុប ១០នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤១ ក្នុងទឹកដីស្រុកគងពិសី ខណៈបក្ខពួកផ្សេងទៀតបានគេចខ្លួន និងមានម្នាក់កំពុងសម្រាកព្យាបាលជំងឺ។

ក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួនភាគច្រើនសុទ្ធតែជាអនីតិជន និងយុវជន ក្នុងនោះមានធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកោសក់រួចហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា ព្រមទាំងដកហូតម៉ូតមករក្សាទុករយៈពេល៣ខែ ម្តងរួចមកហើយ។ ប៉ុន្តពេលរួចខ្លួនគឺនៅតែបន្តធ្វើសកម្មភាពបង្ហោះម៉ូតូ និងថតវីដេអូចែកចាយតាមបណ្ដាញសង្គម TikTokដដែល។

បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងយកមករក្សាទុក ឯជនសង្ស័យ៤នាក់ ចំណោម ៥នាក់ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


