
ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ ជូនដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបជាង ១,៤ លានករណី តាមរយៈការប្រើប្រាស់ថវិកាប្រតិបត្តិការសរុបជាង ៤៦ លានដុល្លារអាម៉េរិក។ លទ្ធផលនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាសម្រេចបាននូវសមិទ្ធផលផ្នែកពិនិត្យ និងព្យាបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានការពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅបានជាង ១ លានករណី និងការសង្គ្រោះកុមារមានជំងឺធ្ងន់ធ្ងរឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានជាង ២៣ ម៉ឺននាក់។ ក្នុងនោះ ករណីជំងឺគ្រុនឈាមមានជិត ២,៣ ម៉ឺននាក់ និងការវះកាត់ទូទៅមានជិត ៣,៥ ម៉ឺននាក់ ខណៈដែលកុមារមានជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣ នាក់ ក៏ត្រូវបានទទួលការវះកាត់សង្គ្រោះជីវិតផងដែរ។ ដោយឡែកចំពោះសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប បានជួយដល់ស្ត្រីមានផ្ទៃពោះមកទទួលសេវាពិនិត្យជាង ១០ ម៉ឺនករណី និងសម្រាលកូនបានជោគជ័យចំនួន ២៥ ៧៣៦ នាក់។
ភាពជោគជ័យនៃបេសកកម្មមនុស្សធម៌នេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មរបស់សប្បុរសជនជាង ៤០ ម៉ឺននាក់ និងយុទ្ធនាការទ្រង់ទ្រាយធំ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ប្រភពចំណូលដែលកើនឡើង ៦% ឬស្មើនឹងជាង ២៩ លានដុល្លារ ក្នុងឆ្នាំ ២០២៥ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីធានាបាននូវនិរន្តរភាពនៃការព្យាបាលដោយឥតបង់ថ្លៃ។
ជាទិសដៅសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអង្គភាពពាក់ព័ន្ធបន្តខិតខំបំពេញភារកិច្ច និងដាក់ចេញនូវផែនការអភិវឌ្ឍទំនើបកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកៀរគរជំនួយ និងការផ្សព្វផ្សាយ។ គោលដៅចម្បង គឺការបន្តរក្សានូវភាពញញឹម និងក្ដីសង្ឃឹមសម្រាប់ទារក និងកុមារកម្ពុជា តាមរយៈសេវាសុខាភិបាលដែលផ្ដោតលើគុណភាព និងតម្លាភាព ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

