ខណៈពេលដែលស្ថានភាពសន្តិសុខក្នុងតំបន់កំពុងមានការប្រែប្រួល ជាពិសេសក្រោយពេលដែលសហរដ្ឋអាមេរិកបានសម្រេចលុបឈ្មោះកម្ពុជាចេញពីបញ្ជីខ្មៅនៃការលក់អាវុធ មន្ត្រីជាន់ខ្ពស់យោធាថៃចេញមកនិយាយថ្លែងការទាំងមិនអៀនមាត់ និងដៀមដាមមកកាន់ កម្ពុជាថា ទទួលតែជំនួយបរទេសនិងគ្រាន់តែធ្វើខ្លួនឱ្យមើលទៅគួរឱ្យអាណិត។ ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ថា មិនទាន់រកឃើញមូលហេតុដែលកម្ពុជានឹងបង្កស្ថានការណ៍រំខានក្នុងថ្ងៃបោះឆ្នោតឡើយ ប៉ុន្តែអះអាងថា មានផែនការទប់ទល់រួចជាស្រេច។

ការលើកឡើងអ្នកនាំពាក្យកងទ័ពជើងគោកថៃនេះគឺកំពុងតែសម្ដែងភាពក្លាហាន និងកម្លាចិត្តពលរដ្ឋ ដើម្បីលាក់បាំងនូវភាពភ័យបារម្ភនិងស្រឡាំងកាំងចំពោះឥទ្ធិពលការទូតរបស់កម្ពុជាទាំងវិស័យយោធានិងនយោបាយ តែប៉ុណ្ណោះ ព្រោះការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាថៃមិនមានការព្រួយបារម្ភ និងថែមទាំងប្រើសម្តីឌឺដងមកលើកម្ពុជានោះ គឺជាការឆ្លុះបញ្ចាំងពីមោទនភាពជ្រុលហួសហេតុ ជាហេតុអាចនាំឱ្យមានការមើលស្រាលលើស្ថានការណ៍ជាក់ស្តែង។

ការមើលស្រាលសមត្ថភាពការពារជាតិរបស់កម្ពុជា ទាំងមកដល់ពេលនេះកម្ពុជាមិនទាន់បញ្ចេញអស់សព្វាវុធទំនើបៗដែលខ្លួនមាននៅក្នុងសមរភូមិ និង ការដែលអ្នកនាំពាក្យយោធាថៃប្រើពាក្យថា កម្ពុជាទទួលបានជំនួយពីបរទេសដោយសារតែធ្វើខ្លួនឱ្យមើលទៅគួរឱ្យអាណិត គឺជាការប្រមាថមើលងាយដល់ការកសាងសមត្ថភាពការពារជាតិរបស់រដ្ឋអធិបតេយ្យមួយ ដែលខិតខំប្រឹងប្រែងប្រើ ការទូត ជាជាងអាវុធ ដើម្បីរក្សាអាយុជីវិតប្រជាជន និងកងទ័ពទាំងសងខាងរបស់កម្ពុជា មិនខុសអីពីការចូលជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។

ការទទួលបានសិទ្ធិបញ្ជាទិញសព្វាវុធពីមហាអំណាចដូចជាសហរដ្ឋអាមេរិក និងការទទួលបានជំនួយពីបណ្ដាប្រទេសជាតិមិត្ត មិនមែនជារឿងគួរឱ្យអាណិត និងអាម៉ាសនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃនយោបាយការបរទេសដ៏វៃឆ្លាត ដែលកម្ពុជាត្រូវបានបណ្ដាប្រទេសជាដៃគូ មើលឃើញថាជាមិត្តពិត ដូច្នេះមិត្តជួបបញ្ហា ប្រទេសជាមិត្តចាំបាច់ត្រូវតែបោះដៃចូលជួយមិនថា ជាសម្ភារៈឬថវិកា ដែលនេះគឺជាតថភាពពិតក្នុងសង្គមជាក់ស្ដែង។

ត្រង់ចំណុចនេះក៏បានបង្ហាញឱ្យឃើញពីជោគជ័យនៃ យុុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមគោរពច្បាប់អនត្តរជាតិ និងប្រើយន្តការកាទូត រហូតធ្វើឱ្យបរទេសមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីរក្សាសន្តិភាព ទោះជាមានការបៀតបៀនឈ្លានពានលើបូរណភាពទឹកដីពីសំណាក់យោធាថៃគ្រប់បែបយ៉ាង មិនតែប៉ុណ្ណោះវាក៏បានបង្ហាញពីការទទួលស្គាល់ពីតួនាទីរបស់កម្ពុជាក្នុងនាមជាដៃគូសន្តិសុខក្នុងតំបន់ផងដែរ។

ជារឿយៗ អ្នកនាំពាក្យកងទ័ពជើងគោកថៃរមែងបង្ហាញពីអារម្មណ៍មោទនភាពជ្រុលរបស់ខ្លួនដោយភ្លេចគិតទុកជាមុន ដោយបានអះអាងថា ថៃនឹងបន្តដាក់ពង្រាយកម្លាំង និងយុទ្ធោបករណ៍នៅតាមព្រំដែនដូចមុន ទោះបីជាកម្ពុជាមានលទ្ធភាពពង្រឹងសព្វាវុធទំនើបៗក៏ដោយ ដែលសម្ដីទាំងនេះគ្រាន់តែអាចជាយុទ្ធសាស្ត្របំភាន់ភ្នែក ឬក៏ជាភាពកំរោលចូលផ្នែកយោធាថៃដែលគ្មានផែនការគិតទុកជាមុនតែប៉ុណ្ណោះ។ ដូចពាក្យចាស់លោកពោលថា ការមើលស្រាលដៃគូជម្លោះ គឺជាចំណុចចាប់ផ្តើមនៃបរាជ័យ។

ប្រសិនបើកងទ័ពថៃពិតជាជឿជាក់ថា ខ្លួនអាចគ្រប់គ្រងស្ថានការណ៍បានដោយគ្រាន់តែប្រើវិធីសាស្ត្រដដែលៗ ខណៈដែលបច្ចេកវិទ្យាយោធារបស់អ្នកជិតខាងកំពុងបោះជំហានទៅមុខ នោះគឺជាហានិភ័យដ៏ធំសម្រាប់សន្តិសុខជាតិរបស់ពួកគេផ្ទាល់។ យុទ្ធសាស្ត្របំប៉ោងទំនុកចិត្តផ្ទៃក្នុងការផ្ដល់បទសម្ភាសន៍ថ្លែងការក្នុងន័យឌឺដងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃបែបនេះ ហាក់ដូចជាធ្វើឡើងដើម្បីតែលួងចិត្តប្រជាជនខ្លួនតែប៉ុណ្ណោះ ថែមទាំងដើម្បីបិទបាំងភាពភ័យខ្លាចចំពោះអំពើពុករលួចក្នុងជួរអំណាចយោធាដែលកំពុងផ្លាស់ប្តូរ ជាពិសេសក្បាលម៉ាស៊ីនការពារជាតិថៃដែលនឹងត្រូវផ្លាស់ប្ដូរចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មី នៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ។

យ៉ាងណាមិញ កម្ពុជាមិនដែលចង់បានសង្គ្រាម ប៉ុន្តែកម្ពុជាក៏មិនដែលខ្វះសមត្ថភាពក្នុងការការពារខ្លួនដែរ។ ការដែលសហរដ្ឋអាមេរិកបើកឃ្លាំងអាវុធឱ្យកម្ពុជាអាចទិញយកទៅប្រើប្រាស់បាន គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយដែលថៃមិនអាចមើលរំលង។ ប្រសិនបើអ្នកនាំពាក្យយោធាថៃនៅតែបន្តយល់សប្តិថា កម្ពុជាដើរតួជាជនរងគ្រោះគួរឱ្យអាណិតដើម្បីសុំជំនួយ នោះពួកគេនឹងភ្ញាក់ខ្លួនវិញទាំងវិប្បដិសារី នៅពេលដែលឃើញកងទ័ពកម្ពុជាឈរយ៉ាងរឹងមាំជាមួយយុទ្ធោបករណ៍ទំនើប ជាមួយនឹងស្មារតីស្នេហាជាតិប្រកបឆន្ទៈមោះមុតដែលមិនអាចមានជាតិសាសន៍ណាបំបាក់បាន៕

Share.