ភ្នំពេញ៖ ក្នុងឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហាញឆន្ទៈមនសិការយ៉ាងមុតស្រួច ក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងប្រព័ន្ធរំដោះទឹក ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការស្វែងរកឃើញនូវបញ្ហាស្នូលដែលរាំងស្ទះដល់ការអភិវឌ្ឍឆ្លងកាត់បទពិសោធន៍ចុះការងារផ្ទាល់ លោកអភិបាលរងបានគូសបញ្ជាក់ថា បញ្ហាដែលបង្កឱ្យមានភាពមិនរៀបរយក្នុងខណ្ឌពោធិ៍សែនជ័យនាពេលកន្លងមក មានចំណុចគន្លឹះចំនួន ២ ធំៗ៖
១. បញ្ហាសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ៖ រួមមានការតាំងអាស្រមព្រះភូមិខុសបច្ចេកទេស ការដាក់ផ្លាកប៉ាណូផ្សព្វផ្សាយរញ៉េរញ៉ៃដែលបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងការសង់របងរំលោភលើដីចំណីផ្លូវ ដែលធ្វើឱ្យផ្លូវសាធារណៈប្រែជាចង្អៀត និងកកស្ទះ។
២. បញ្ហាប្រព័ន្ធលូ និងប្រឡាយ៖ ការសង់សំណង់មិនរៀបរយលើប្រឡាយ និងការចាក់សាបបេតុងលុបមាត់លូមុខផ្ទះផ្ទាល់ខ្លួនដើម្បីតែភាពស្អាតមួយផ្នែកតូច តែបានក្លាយជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ផ្លូវហូរនៃទឹកភ្លៀង ដែលបង្កឱ្យមានការលិចទឹក។




យុទ្ធសាស្ត្រ និងការប្ដេជ្ញាចិត្តប្រកបដោយថាមពល
ចំពោះមុខអង្គសន្និបាត លោក ប៉ាង លីដា បានប្រកាសជាឱឡារិកនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីឆ្លើយតបទៅនឹងការទុកចិត្តពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តាមរយៈទិសដៅការងារសំខាន់ៗ៖
- យុទ្ធសាស្ត្រ «ញញួរប្រជាពលរដ្ឋ»៖ លោកនឹងបន្តប្រើប្រាស់រូបមន្ត «ស ៤» និងយុទ្ធសាស្ត្រក្ដាប់ឱ្យជាប់នូវតម្រូវការរបស់ពលរដ្ឋ ដើម្បីប្រែក្លាយខណ្ឌពោធិ៍សែនជ័យ ឱ្យក្លាយជាតំបន់គំរូទាំងផ្នែកអនាម័យ សណ្ដាប់ធ្នាប់ និងធានាឱ្យបាននូវការមិនលិចទឹកក្នុងរដូវវស្សា។
- គោលការណ៍ «ងើយស្កក ឱនដាក់គ្រាប់»៖ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ត្រូវតែរក្សាភាពរាបទាប និងយកចិត្តទុកដាក់ស្ដាប់កង្វល់របស់ពលរដ្ឋ ដើម្បីដណ្ដើមយកបេះដូង និងការចូលរួមពីមហាជន ក្នុងចលនាអភិវឌ្ឍន៍សង្គមជាតិ ស្របតាមទិសដៅ «មូលដ្ឋានស្អាត ប្រទេសស្អាត»។

លោកអភិបាលរងបានចាត់ទុកថា ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគឺជា «ថាមពលដ៏មហិមា» ដែលជំរុញឱ្យរូបលោក និងមន្ត្រីមូលដ្ឋានទាំងអស់ កាន់តែមានឆន្ទៈក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដោយមិនរារែក។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកអភិបាលរង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គសន្និបាត ដែលស្ដែងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់មន្ត្រីជំនាន់ថ្មី ក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងជូនសង្គមជាតិ ប្រកបដោយប្រសិទ្ធភាព និងចក្ខុវិស័យវែងឆ្ងាយ៕
