ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ៣៧៧ និង ៣៨០ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត។

រូបតំណាង

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ជនត្រូវចោទឈ្មោះ ក ស.ផ.ល អាយុ ៦១ ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បញ្ជូនមកអយ្យការ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងសកម្មភាពស៊ីឈ្នួលប្រឡងជំនួស។

ករណីនេះកើតឡើងក្នុងដំណើរការប្រឡងចូលសាលាពេទ្យ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង និងមធ្យមសិក្សាសុខាភិបាល សរុបចំនួន ៧,១១០ នាក់ នៅតាមស្ថាប័នសុខាភិបាល និងសាកលវិទ្យាល័យនានាទូទាំងប្រទេស។

រូបភាពតំណាង

ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា អ.ប.ព. បានចាត់បញ្ជូនមន្ត្រីចំនួន ២៦២ នាក់ ជាកម្លាំងចំហរ ដើម្បីសង្កេតការណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ ព្រមទាំងរៀបចំកម្លាំងសម្ងាត់ ដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដើម្បីបង្ក្រាបអំពើមិនប្រក្រតី។

ក្នុងថ្ងៃប្រឡងទី១ អ.ប.ព. បានរកឃើញមេក្លោង ២ នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២ នាក់ និងបាននាំមកសាកសួរ។ លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម បានបញ្ជាក់ថា មេក្លោងទទួលប្រាក់ប្រមាណ ៨,០០០ ដុល្លារ អាមេរិក ពីបេក្ខជនម្នាក់ៗ ហើយបែងចែកប្រាក់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចន្លោះពី ២,០០០ ដល់ ៣,០០០ ដុល្លារ ក្នុងម្នាក់។

ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា ខ្លួនកំពុងបន្តស្រាវជ្រាវ និងតាមរកជនពាក់ព័ន្ធផ្សេងទៀត ក្នុងថ្ងៃប្រឡងទី២ ដើម្បីចាត់ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕

រូបភាពតំណាង

អត្ថបទ÷ចតុម្មុខ

Share.