ភ្នំពេញ÷ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២ នេះ សម្ពាធទាបមួយដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ ឈ្មោះ «ពែនញ៉ា» (Penha – T2602) និងកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

តាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធអាកាសធាតុនេះ នឹងធ្វើឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានការប្រែប្រួលតាមតំបន់នីមួយៗ ដូចខាងក្រោម៖
តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងអតិបរមា ៣៣°C ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យមប្រមាណ ២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងពោធិ៍សាត់ អាចមានភ្លៀងធ្លាក់អមដោយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រហែល ១៥ ភាគរយ ខណៈខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ មិនមានភ្លៀងធ្លាក់ទេ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ៣២°C ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់អមដោយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រហែល ១០ ភាគរយ ខណៈខេត្តក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ និងស្ទឹងត្រែង មិនមានភ្លៀងធ្លាក់ទេ។


តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងអតិបរមា ៣៣°C ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់អមដោយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រហែល ១០ ភាគរយ។


ចំណែករលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,០០ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់អាចរងឥទ្ធិពល សូមបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងអនុវត្តវិធានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងហានិភ័យដែលអាចកើតមាន៕
