

ការយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម មិនត្រឹមតែជាជំនាញចាំបាច់សម្រាប់គ្រូពេទ្យប៉ុណ្ណោះទេ ប៉ុន្តែវាជាកាតព្វកិច្ច និងជាចំណេះដឹងដ៏មានតម្លៃបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសម្រាប់អ្នកសារព័ត៌មានដែលតែងតែចុះបំពេញបេសកកម្មនៅតាមទីវាល និងតំបន់ប្រឈមគ្រោះថ្នាក់នានា។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកអ្នកសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានគ្រប់វិស័យ ប៉ុន្តែជារឿយៗតែងតែភ្លេចខ្លួនក្នុងការក្រេបជញ្ជក់ចំណេះដឹងផ្នែកសង្គ្រោះបឋម ដែលជាជំនាញអាចជួយសង្គ្រោះជីវិតមនុស្សបានភ្លាមៗនៅនឹងកន្លែង។ លោកបានបន្ថែមថា ការបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់អ្នកកាសែតដែលចុះយកព័ត៌មាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង ដែលពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រាប់ផ្លោង ឬអាវុធយុទ្ធភណ្ឌផ្សេងៗជាយថាហេតុ។

ស្របតាមប្រសាសន៍នេះ លោកវេជ្ជបណ្ឌិត នៅ ចន្ថា នាយផ្នែករថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានពន្យល់ថា ការសង្គ្រោះបឋមមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាជាការជួយទប់ស្កាត់ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត និងជាការរក្សាជីវិតជនរងគ្រោះមុនពេលក្រុមគ្រូពេទ្យជំនាញមកដល់។ លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប ក្លាយជាអ្នកសង្គ្រោះម្នាក់សម្រាប់ជាតិ និងក្រុមគ្រួសារ ព្រោះថាប្រសិនបើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងនេះ នោះប្រទេសជាតិយើងនឹងកាន់តែមានសុវត្ថិភាព ហើយត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រជាជាតិដែលសម្បូរទៅដោយអ្នកចេះដឹងផ្នែកសុខភាព។

ចំណែកឯលោក គង់ នៅ ដែលជាអ្នកសារព័ត៌មានម្នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏បានសម្តែងនូវការអបអរសាទរចំពោះគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជាផងដែរ។ លោកបានសង្កត់ធ្ងន់ថា ចំណេះដឹងផ្នែកសង្គ្រោះបឋមនេះនឹងជួយឱ្យអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋដែលបានទស្សនាវីដេអូកិច្ចសម្ភាសន៍នានា យល់ដឹងពីរបៀបជួយជនរងគ្រោះក្នុងស្ថានភាពអាសន្នផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីលង់ទឹក ឬគ្រោះអគ្គិភ័យជាដើម។ ការចេះសង្គ្រោះបឋមបានត្រឹមត្រូវ គឺជាស្ពានចម្លងជីវិតដ៏សំខាន់បំផុតសម្រាប់ជនរងគ្រោះ ក្នុងអំឡុងពេលរង់ចាំការបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬរង់ចាំក្រុមគ្រូពេទ្យជំនាញចុះមកអន្តរាគមន៍ផ្ទាល់។

សូមជម្រាបថា នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។ វគ្គបណ្តុះបណ្តាលពិសេសនេះទទួលការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែងក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាល៕





