ស្ថានភាពសន្តិសុខនៅក្នុងប្រទេសថៃកំពុងឈានដល់កម្រិតប្រកាសអាសន្ន ខណៈដែលការបោះឆ្នោតសភានឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ។ យោងតាមសារព័ត៌មាន Bangkok Post នាថ្ងៃទី៦ ខែកុម្ភៈ បានចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូងកំពុងបង្កើនសកម្មភាពដឹកជញ្ជូនគ្រឿងផ្ទុះ ដើម្បីរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំ។

បើតាមសមាជិកសភា និងជាអ្នកនាំពាក្យគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកយោធា និងសន្ដិសុខជាតិ លោក Sen Chaiyong Maneerungsakul បាននិយាយកាលពីថ្ងៃសុក្រ ម្សិលម៉ិញនេះថា ក្រុមសកម្មប្រយុទ្ធ Barisan Revolusi Nasional (BRN) កំពុងចល័តឧបករណ៍បំផ្ទុះចូលទៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីរំខានដល់ការបោះឆ្នោតនាថ្ងៃទី៨ ខែកុម្ភៈ និងបង្កើនការវាយប្រហារពេញមួយខែកុម្ភៈ រួមទាំងអំឡុងខែរ៉ាម៉ាដនផងដែរ។


ដកស្រង់ពីការផ្ដល់ព័ត៌មានសម្ងាត់ លោក Chaiyong បានឱ្យដឹងថា ភ្នាក់ងារ BRN ចំនួន ៣២នាក់បានឆ្លងដែនពីម៉ាឡេស៊ីចូលទឹកដីប្រទេសថៃ ជាមួយសម្ភារៈធ្វើគ្រាប់បែក ហើយបានបង្កើតមូលដ្ឋាននៅក្នុងស្រុក Sukhirin នៃខេត្ត Narathiwat សម្រាប់ការជួបជុំ និងធ្វើប្រតិបត្តិការបន្ដ។
ដោយឡែក គ្រាប់បែកបំពង់បន្ថែមទៀត ត្រូវបានគេជឿថា បានរត់ពន្ធតាមទូកនេសាទ និងនាំយកមកលើគោកក្នុងស្រុក Muang ខេត្ត Narathiwat។ លោកបានព្រមានថា ឧបករណ៍នាំចូលទាំងនេះ អាចត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារខេត្ត Pattani , Yala និងខេត្ត Narathiwat ព្រមទាំងស្រុកចំនួន៤ នៃខេត្ត Songkhla ផងដែរ ដើម្បីរំខានដល់ការបោះឆ្នោតសភានៅថ្ងៃទី៨ កុម្ភៈ ខាងមុខនេះ។






ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការព្រឹទ្ធសភាបានជំរុញឱ្យបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) ភូមិភាគទី៤ ត្រួតពិនិត្យឱ្យបានឆាប់រហ័ស និងស្ទាក់ចាប់រាល់ចលនាឆ្លងព្រំដែន ដែលសង្ស័យមានអាវុធ និងការផ្គត់ផ្គង់ផលិតគ្រាប់បែក ដើម្បីពង្រឹងសន្ដិសុខ និងធានាសុវត្ថិភាព នៅតំបន់ភាគខាងត្បូងអំឡុងពេលបោះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ ២០២៦ មក បញ្ហាអសន្តិសុខបានកើតឡើងជាបន្តបន្ទាប់នៅភាគខាងត្បូង បើទោះបីជាមានការរឹតបន្តឹងសន្តិសុខក៏ដោយ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការបរាជ័យរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលថ្នាក់ដឹកនាំប្រទេសនេះ តែងតែប្រើប្រាស់យុទ្ធសាស្ត្រ «លាបពណ៌» និងលើកយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង (កម្ពុជា) មកធ្វើជាឈ្នាន់នយោបាយដើម្បីទាញយកសន្លឹកឆ្នោត ប៉ុន្តែបែរជាទុកឱ្យផ្ទៃក្នុងប្រទេសធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ទៅវិញ៕

