ត្បូងឃ្មុំ៖ ដើម្បីថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតា និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ត្រពាំងក្រម ស្ថិតក្នុងស្រុកមេមត់។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការឱ្យបានហ្មត់ចត់ សម្រាប់ “ពិធីចាប់ត្រីបែបបុរាណ” សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចររាប់ម៉ឺននាក់ ដែលនឹងមកចូលរួមនាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំជាំក្រវៀន និងបងប្អូនសហគមន៍មូលដ្ឋានផងដែរ ។
ឯកឧត្តម គន់ រ័ត្នមុនី បានយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖១. ស្ថានភាពធនធានធម្មជាតិ៖ ពិនិត្យកម្ពស់ទឹក និងបរិមាណត្រីក្នុងត្រពាំង ដើម្បីធានាថាការកម្សាន្តរបស់ពលរដ្ឋប្រព្រឹត្តទៅដោយភាពរីករាយ និងសម្បូរបែប។២. សន្តិសុខ និងសណ្តាប់ធ្នាប់៖ រៀបចំផែនការការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរំពឹងថានឹងមកចូលរួមយ៉ាងកុះករ។៣. ហេដ្ឋារចនាសម្ព័ន្ធបម្រើការកម្សាន្ត៖ ការរៀបចំចំណតយានយន្តឱ្យមានរបៀបរៀបរយ និងការរៀបចំបន្ទប់ទឹកអនាម័យ ដើម្បីផ្ដល់ភាពងាយស្រួលបំផុតដល់សាធារណជន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់លើការរក្សាឱ្យបាននូវទម្រង់ដើមនៃ “ការចាប់ត្រីបែបបុរាណ”។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរ និងកងកម្លាំង ត្រូវហាមឃាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទទំនើប ឬឧបករណ៍ល្មើសច្បាប់ផ្សេងៗ។ អ្នកចូលរួមទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍ដែលច្នៃពីឫស្សីតាមបែបបុរាណប៉ុណ្ណោះ រួមមាន៖ អង្រុត ឈ្នាង និងទ្រក ជាដើម ដើម្បីបង្ហាញពីតម្លៃនៃវប្បធម៌ និងការរស់នៅចុះសម្រុងជាមួយធម្មជាតិរបស់ដូនតាខ្មែរ ។

សូមបញ្ជាក់ថា “ត្រពាំងក្រម” គឺជាតំបន់ប្រវត្តិសាស្ត្រធម្មជាតិដ៏សំខាន់មួយក្នុងស្រុកមេមត់ ដែលមានផ្ទៃជម្រាលប្រមូលទឹកដល់ទៅ ៣០ហិកតា និងមានត្រពាំងតូចៗជាសាខាចំនួន ២០ទៀត។ តំបន់នេះសម្បូរទៅដោយរុក្ខជាតិលិចទឹក ដែលជាជម្រកត្រីធម្មជាតិយ៉ាងល្អប្រសើរ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែកុម្ភៈ ប្រជាពលរដ្ឋតែងតែរៀបចំពិធីនេះឡើង ដើម្បីចាប់ត្រីយកមកចម្អិនអាហារហូបជុំគ្នា បង្កើតបានជាបរិយាកាសសាមគ្គីភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង ។ ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងក្រម មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយ ឱ្យរួមគ្នាថែរក្សាមរតកវប្បធម៌ និងធនធានធម្មជាតិឱ្យបានគង់វង្សតរៀងទៅ ៕
អត្ថបទ៖ អាចារ្យលាក់

