ការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសជប៉ុន នៅពេលដែលលោកស្រី សាណេ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីស្រ្តីដំបូងបង្អស់ បាននាំគណបក្សប្រជាធិបតេយ្យសេរី ឆ្ពោះទៅរកជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ ជាមួយនឹងអាសនៈរហូតដល់ ៣២៨ ក្នុងចំណោម ៤៦៥ នៅក្នុងសភាជាន់ទាប លទ្ធផលនេះមិនត្រឹមតែជាការផ្ដល់សេចក្តីទុកចិត្តជាថ្មីនោះទេ ប៉ុន្តែវាគឺជាអាណត្តិពិសេសមយយដែលអនុញ្ញាតឱ្យលោកស្រីរុញច្រានរបៀបវារៈជាតិនិយម និងការកែទម្រង់សន្តិសុខឱ្យកាន់តែរឹងមាំ។

សារព័ត៌មាន NHK World-Japan បានផ្សាយថា តាមរយៈការចងសម្ព័ន្ធភាពជាមួយបក្សនវានុវត្តន៍ជប៉ុន សម្ព័ន្ធភាពកាន់អំណាចរបស់លោកស្រី តាកាអ៊ិឈិ ឥឡូវនេះមានសំឡេងលើសពី ពីរភាគបី នៅក្នុងសភា។ នេះគឺជាអំណាចនយោបាយដ៏មហិមា ដែលអាចឱ្យរដ្ឋាភិបាលរបស់លោកស្រីមានសមត្ថភាពសើរើ ឬច្រានចោលរាល់ការសម្រេចចិត្តរបស់សភាជាន់ខ្ពស់បានយ៉ាងងាយស្រួល។ ការសម្រេចចិត្តដ៏ប្រថុយប្រថានរបស់លោកស្រី ក្នុងការរំលាយសភា និងរៀបចំការបោះឆ្នោតនៅរដូវរងា បានក្លាយជាយុទ្ធសាស្ត្រចំណេញដ៏មហាសាល ដោយទាញយកប្រជាប្រិយភាពផ្ទាល់ខ្លួនមកបំបែកភាពទាល់ច្រកនយោបាយ។
យ៉ាងណាមិញ នៅក្នុងរបៀបវារៈសន្តិសុខជាតិជាអាទិភាពចម្បងក្នុងអាណត្តិថ្មីនេះ នៅក្នុងបទសម្ភាសន៍ចុងក្រោយដឹងលទ្ធផលបឋម លោកស្រី តាកាអ៊ិឈិ បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោអាទិភាពកំពូលគឺ ការពង្រឹងគោលនយោបាយសន្តិសុខជាតិ ក្នុងនាមជាមេដឹកនាំដែលមាននិន្នាការអភិរក្សនិយម។ លោកស្រីត្រូវបានគេរំពឹងថា នឹងបន្តបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់កម្រិតខ្ពស់បំផុត ហើយពង្រឹងសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់មហាអំណាចក្បែរខាង។ លោកស្រីបន្តថា ជប៉ុនអាចនឹងបន្តជំរុញការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន ដើម្បីផ្តល់អំណាចកាន់តែខ្លាំងដល់កងកម្លាំងស្វ័យការពារផងដែរ។
ដោយឡែកក្រៅពីបញ្ហាការពារជាតិ មេដឹកនាំស្ត្រីដំបូងរបស់ជប៉ុនក៏បានសន្យាពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយសេដ្ឋកិច្ចដូចគ្នា។ ក្រោមការដឹកនាំរបស់មេដឹកនាំស្រ្តីវ័យ ៦៤ ឆ្នាំរូបនេះ ជប៉ុនអាចនឹងដើរលើផ្លូវសេដ្ឋកិច្ចដែលផ្ដោតលើការច្នៃប្រឌិតថ្មី និងការរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងក្តីសង្ឃឹមរបស់អ្នកបោះឆ្នោតដែលចង់ឃើញជប៉ុនមានឥទ្ធិពលឡើងវិញលើឆាកអន្តរជាតិ។
សូមជម្រាបថា លោកស្រី សាណេ តាកាអ៊ិឈិ មិនត្រឹមតែជាមេដឹកនាំស្រ្តីដែលបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីនឹងក្លាយជាមេដឹកនាំដែលបោះជំហានយ៉ាងរឹងមាំក្នុងការកែប្រែមុខមាត់សន្តិសុខជាតិជប៉ុនឱ្យកាន់តែមានឥទ្ធិពលបំផុតក្នុងសតវត្សទី២១ នេះ។ ដូច្នោះហើយជ័យជម្នះដ៏អស្ចារ្យនេះ សបញ្ជាក់ថា ម្ចាស់ឆ្នោតជប៉ុនផ្ដល់តម្លៃលើ ភាពរឹងមាំ និងស្ថិរភាពជាងការផ្លាស់ប្តូរដែលមិនច្បាស់លាស់៕

