សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ មានចំណុចគន្លឹះចំនួន ៣ ដែលត្រូវបានលើកយកមកពិភាក្សា៖

១. ការសិក្សាបង្កើត «តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន»

លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ បានរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលនៃការស្រាវជ្រាវស្តីពីការបង្កើត «តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ លោកបានបញ្ជាក់ថា កម្ពុជាមានឱកាសខ្ពស់ក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី ដែលអាចតភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក។

២. ការត្រៀមផ្លាស់ប្តូរទីតាំងផលិតកម្ម (Re-location) របស់ក្រុមហ៊ុនជប៉ុន

ប្រធានវិទ្យាស្ថាន ERIA បានគូសបញ្ជាក់ថា បច្ចុប្បន្នបណ្តាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្មក្នុងតំបន់ ហើយកម្ពុជាគឺជាគោលដៅវិនិយោគថ្មីដ៏ទាក់ទាញបំផុតមួយ។ ដើម្បីជំរុញការងារនេះ វិទ្យាស្ថាន ERIA គ្រោងនឹងរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន» នាពេលខាងមុខ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន។

៣. ការជំរុញម៉ូដែលតំបន់សេដ្ឋកិច្ចពិសេសជាក់លាក់

ជាការឆ្លើយតប សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការសិក្សារបស់ ERIA និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពលើការបង្កើត៖

  • តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ)
  • តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និងឧស្សាហកម្មជាក់លាក់

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យ ERIA បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីពិនិត្យលើម៉ូដែលគម្រោងតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី ឱ្យចេញជារូបរាងជាក់ស្តែងក្នុងពេលឆាប់ៗ៕

អត្ថបទ៖ត្រយង

Share.