សាច់រឿងដែលមានការចែករំលែកផ្អើលឈូឆរពេញបណ្ដាញសង្គម លើករណីប្លន់ចំនួន២លើក យកអស់មាសជាង ៥៥តម្លឹងក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរបាល បំបែកសំណុំរឿងនិងបកស្បែកមុខបានហើយ ដោយករណីទាំងពីរនេះគឺជារឿងប្រឌិតទាំងស្រុង។ ករណីមួយគឺជនរងគ្រោះប្រឌិតឡើង ព្រោះតែចាញ់ល្បែងអនឡាញ និងមួយករណីទៀតជនរងគ្រោះខឹងប្ដីពេក ក៏ប្រឌិតរឿងឡើងមក យ៉ាងណាមិញសមត្ថកិច្ចបាននាំខ្លួនជនទាំងពីរនេះទៅអនុវត្តច្បាប់ទាំងអស់។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ៖សំណុំរឿងទាំងពីរនេះគឺជារឿងប្រឌិត មិនមានការពិតនោះទេ ដូច្នេះនគរបាលជំនាញបច្ចុប្បន្នបានសម្រេចនាំខ្លួនជនសង្ស័យទាំង ២នាក់ បន្តអនុវត្តតាមនីតិវិធីដោយសារបានបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ភាពជឿជាក់លើសន្តិសុខសង្គម ក្នុងមូលដ្ឋាន និងនាំឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។
ករណីទី ១ ឈ្មោះអ៊ុ សុខចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែក ព្រះស្តេច សង្កាត់ព្រែកព្រះស្តេចក្រុង បាត់ដំបង មុខរបរជាងស្លរំលាយមាសបានអះអាងថាខ្លួនត្រូវជនសង័្សយប្រើកាំបិតចាក់ខ្លួនប្លន់យកមាសដុំអស់ចំនួន ៥៥តម្លឹង ជនរងគ្រោះបានប្រឌិតរឿងមិនមែនការពិតព្រោះតែត្រូវការលុយសងបំណុលគេពាក់ព័ន្ធការចាញ់ល្បែងអនឡាញរាប់សិបម៉ឺនដុល្លា។

ដោយឡែកករណីទី ២ ស្រ្តីឈ្មោះមៀន ម៉ារិយា អាយុ ៣៦ឆ្នាំរស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក៏បានអះអាងដូចគ្នាថាខ្លួនត្រូវជនសង័្សយប្រេីកាំបិតគំរាមប្លន់យកកាបូបដែលមានប្រាក់ដុល្លា និងគ្រឿងអលង្ការផងដែរសរុបប្រមាណជាង ២ ០០០ដុល្លា ជនបង្កបានប្រឌិតរឿងព្រោះតែខឹងប្តី។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់ មុនចែករំលែក ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតក្នុងសង្គម ដែលបង្កឱ្យកើតមានភាពវឹកវរ និងអសន្តិសុខក្នុងសង្គមជាតិ។

សូមរំលឹកឡើងវិញថា ហេតុការណ៍ប្រឌិតរឿងចោរប្លន់ ២លើកអស់មាសជាង ៥៥តម្លឹងក្នុងក្រុងបាត់ដំបងផ្អើលពេញបណ្តាញសង្គមនេះបានបង្កការភ្ញាក់ផ្អើលកាលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់ មុនចែករំលែក ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតក្នុងសង្គម៕

អត្ថបទ៖ ដំបងក្រញូង

