នាយកណ្ដុរ អនុទិន និងគោលនយោបាយជាតិនិយម ដុតកំហឹងតាមព្រំដែនកម្ពុជា-ថៃ ដោយមាន Backup ជាបុគ្គលមានឥទ្ធិពលធំបំផុតនៅថៃ ធ្វើឱ្យបុរសកូនចៅចិនមកពីខេត្តក្វាងទុង អាចបន្តអង្គុយកៅអីនាយករដ្ឋមន្ត្រីអាណត្តិទី៣៣ …។

ម្សិលមិញនេះការបោះឆ្នោតនៅប្រទេសថៃមានការតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានគណបក្សចំនួន​៣​ដែលត្រូវបានគេរំពឹងថានឹងទទួលបានអាសនៈច្រើននៅសភា ប៉ុន្តែមានការព្យាករណ៍ខុស ព្រោះតែបក្សនិយមប្រជាធិបតេយ្យចំនួន២ គឺបក្សប្រជាជនដែលមានមូលដ្ឋានអ្នកគាំទ្រច្រើនជាយុវជនសម័យ និងបក្សភឿថៃ ដែលធ្លាប់តែមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែរជាចាញ់ បក្សភូមិចៃថៃ ដែលដឹកនាំដោយនាយកណ្ដុរ អនុទិន ឆានវីរគុល ដែលជាកូនចៅចិនមានខ្សែស្រឡាយមកពីខេត្តក្វាងទុងទៅវិញ។

ចាប់តាំងពីបិទហិបឆ្នោតរាប់សំឡេងគាំទ្រ តាំងពីល្ងាចមិញ រហូតមកទល់នឹងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សភូមិចៃថៃ បាននិងកំពុងវ៉ានាំមុខគណៈបក្សដទៃផ្សេងទៀតយ៉ាងឆ្ងាយដាច់ ដែលជាសញ្ញាបង្ហាញកាន់តែច្បាស់ពីការឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីថៃទី៣៣ របស់លោក អនុទីន ឆានវីរៈកុល ត្រូវបានគេមើលឃើញថា នឹងនាំមកនូវការផ្លាស់ប្តូរឥរិយាបថនយោបាយការបរទេសគួរឱ្យកត់សម្គាល់មួយនៅក្នុងប្រទេសថៃ ជាពិសេសបញ្ហាព្រំដេនជាមួយប្រទេសជិតខាងដូចជាកម្ពុជា ដែលនៅតែបន្តមានភាពស្មុគស្មាញនៅឡើយ។

តាមរយៈយុទ្ធនាការ និងសេចក្តីថ្លែងការណ៍ស្វែងរកសំឡេងគាំទ្រនាពេលកន្លងមក លោក អនុទីន ធ្លាប់លើកមកនិយាយយ៉ាងច្បាស់ៗនូវនិន្នាការ អភិរក្សនិយម និងជាតិនិយម យ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពថៃ និងលើកស្ទួយតម្លៃព្រះមហាក្សត្រថៃ និយាយជារួមគឺតំកល់ជាតិ និងព្រះមហាក្សត្រជាធំជាងអ្វីៗទាំងអស់។ គេបានដឹងថានាយ អនុទិន នេះមានការគាំទ្រច្រើនពីក្រុមយោធា ដែលស្និទ្ធិនឹងរាជវង្ស ព្រោះតែនាយអនុទិន បើសិនឈ្នះឆ្នោតនឹងផ្ដល់ផលប្រយោជន៍ដល់ក្រុមយោធា អាស្រ័យដោយនៅក្នុងគោលនយោបាយស្នូលរបស់លោក អនុទីន គឺការប្តេជ្ញាការពារទឹកដីថៃ។

ក្នុងនោះលោកបានស្នើឱ្យមានការបង្កើនកញ្ចប់ថវិកាយោធាសម្រាប់ការការពារព្រំដែន និងថែមទាំងបានលើកឡើងពីគម្រោងសាងសង់ជញ្ជាំងរបាំងនៅតាមតំបន់ដែលមានជម្លោះ ដើម្បីទប់ស្កាត់ការឈ្លានពាន និងពង្រឹងសន្តិសុខជាតិ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីគោលជំហររបស់មេដឹកនាំល្មោភសង្គ្រាម ដែលលោកចង់បង្ហាញឱ្យប្រជាជនថៃឃើញពីភាពរឹងមាំរបស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយបក្សភូមិចៃថៃឱ្យស័ក្តសមនឹងឈ្មោះ។ មួយទៀតសោទ ចំណុចក្តៅនិងរស៊ើបបំផុតដែលកម្ពុជាត្រូវតាមដាន គឺជំហររបស់បក្សភូមិចៃថៃចំពោះកិច្ចព្រមព្រៀងឆ្នាំ ២០០១ ឬថៃហៅថា MOU44 ស្តីពីតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ។

ការដឹកនាំដោយនាយកណ្ដុរញៀនកញ្ឆារូបនេះ រួមទាំងសហការីក្នុងជួរបក្សបានបង្ហាញបំណងចង់ ហែកចោលកិច្ចព្រមព្រៀងនេះ ទៅតាមការស្រែកសុំរបស់ពលរដ្ឋជ្រុលនិយម និងស្គាល់ច្បាប់ទំលាប់អន្តរជាតិ ដោយពួកគេបារម្ភថាវាអាចធ្វើឱ្យថៃបាត់បង់អធិបតេយ្យភាព និងផលប្រយោជន៍ធនធានធម្មជាតិ។ ការចង់លុបចោលកិច្ចព្រមព្រៀងចាស់ៗបែបនេះ អាចនឹងធ្វើឱ្យកិច្ចចរចាថាមពលរវាងប្រទេសថៃ និងកម្ពុជាមានភាពជាប់គាំងក្នុងរយៈពេលខ្លី។ ការណ៍នេះអ្នកវិភាគមើលឃើញថា ការប្រកាន់យកឥរិយាបថតឹងរឹងនិងម៉ឺងម៉ាត់ចំពោះកម្ពុជា គឺជាយុទ្ធសាស្ត្រនយោបាយផ្ទៃក្នុង ដើម្បីទាញយកការគាំទ្រពីក្រុមអ្នកជាតិនិយមថៃ ដោយពួកគេមិនខ្វាយខ្វាយពីការល្មើសលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញាអង្គការសហប្រជាជាតិ និងធម្មនុញ្ញាអាស៊ាន ប៉ុន្តែពួកគេគិតតែម្យ៉ាងគឺក្រសោបយកអំណាចផ្ទៃក្នុងប្រទេសថៃមកក្ដាប់ក្នុងកណ្ដាប់ដៃសិន។

នាយកណ្ដុរអនុទីន បានប្រើប្រាស់វោហារសាស្ត្រឃោសនាបក្សរបស់ខ្លួនដោយវាយបកទៅលើស្ថានការពីខាងក្រៅដែលលោកហៅថា ជាការជ្រៀតជ្រែកពីកម្ពុជាមកលើការបោះឆ្នោតថៃ ដែលមិនចង់ឱ្យប្រជាជនថៃជ្រើសរើសលោកជានាយករដ្ឋមន្ត្រីអណត្តិថ្មីផងដែរ។ នាយអនុទីន បានធ្វើសេចក្ដីថ្លែងក្នុងយុទ្ធនាការបោះឆ្នោតថា ប្រសិនបើបក្សលោកដឹកនាំរដ្ឋាភិបាលនាអណត្តិក្រោយនេះ ពោលគឺជំនាន់ទី ៣៣ នោះច្រកព្រំដែនមួយចំនួនដែលពាក់ព័ន្ធនឹងជម្លោះនឹងត្រូវបិទជារៀងរហូត ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នា។

តែទោះជាយ៉ាងណា ក្នុងនាមជាអ្នកនយោបាយដែលមានបទពិសោធន៍នៅលើកៅអីក្ដៅរយៈពេល ៤ ខែកន្លងមកនេះ អនុទីន ក៏មិនបានបិទទ្វារការទូតជាមួយកម្ពុជាទាំងស្រុងដែរ។ រដ្ឋមន្ត្រីការបរទេសមកពីបក្សភូមិចៃថៃ នាយ សីហសក្តិ ពួងកេតកែវ នៅតែទុកផ្លូវសម្រាប់ការចរចាដោយផ្ទាល់ ដើម្បីស្តារសេដ្ឋកិច្ច និងពាណិជ្ជកម្មព្រំដែនឡើងវិញ។

ដូច្នេះហើយប្រសិនបើលទ្ធផលបោះឆ្នោតសកលថៃបង្ហាញថា នាយ អនុទីន ឆានវីរៈកុល នឹងដឹកនាំប្រទេសថៃក្នុងនាមជានាយករដ្ឋមន្ត្រីទី ៣៣ នោះបានន័យថា ទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់បក្សភូមចៃថៃ ដែលជាបក្សរណបរាជានិយម និងខ្ចីដង្ហើមយោធាសម្រាប់ដកនេះ នឹងក្លាយជាទំនាក់ទំនងដែលការពារផលប្រយោជន៍ជាតិជាចម្បង លាយឡំនឹងការប្រុងប្រយ័ត្នខ្ពស់ផ្នែកយោធា។

គួររំលឹកឡើងវិញថា នាយ អនុទិន ឆានវីរគុល កន្លងមក មិនមែនជាផ្កានៅក្នុងថូនោះឡើយ គ្រាន់តែស្លឹកអមផ្កាប៉ុណ្ណោះ ព្រោះបក្សរបស់លោកច្រើនតែជាបក្សបំពេញបន្ថែម ដែលទៅបង្គ្រប់បក្សដែលមានសំឡេងច្រើនដើម្បីរៀបចំរដ្ឋាភិបាលអាណត្តិថ្មី ដោយគេនៅចាំបានថា បក្សភូមិចៃថៃ កាលពីការបោះឆ្នោតឆ្នាំ២០២៣ លោកមានអាសនៈ តែ៧១ ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបោះឆ្នោតថ្មីនេះ អាសនៈបក្សនេះបានកើនឡើងដល់ ១២២ ដោយលទ្ធផលជបណ្ដោះអាសន្នគិតត្រឹមព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បក្សភូមិចៃថៃ មានអាសនៈ ១៩៣ បក្សប្រជាជនមាន ១១៨អាសនៈ និងបក្សភឿថៃមាន ៧១ អាសនៈ៕

Share.