ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានប្រសិទ្ធនាមអង្គការសហប្រជាជាតិថាជា «សំឡេង និងជាដៃគូដ៏មានសារៈសំខាន់បំផុត» ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឈានទៅសម្រេចបាននូវគោលដៅវិស័យសកម្មភាពមីន។ ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលទើបទទួលបានតួនាទីថ្មី។ ឯកឧត្តមក៏បានឆ្លៀតឱកាសនេះសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ រហូតដល់ការគាំទ្រដល់ការតាំងទីលំនៅថ្មីរបស់ជនភៀសសឹក។ ជាពិសេស អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមត្ថភាពជាតិលើវិស័យសកម្មភាពមីន ដែលជាគ្រឹះដ៏រឹងមាំធ្វើឱ្យកម្ពុជាទទួលបានជោគជ័យគួរឱ្យមោទនៈដូចពេលបច្ចុប្បន្ន។

បន្ថែមលើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិមិនត្រឹមតែជាដៃគូប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែគឺជាសំឡេងដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានបន្តរួមចំណែកជួយដល់កម្ពុជាក្នុងបេសកកម្មមនុស្សធម៌នេះ។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរដាច់ខាតរបស់កម្ពុជា ក្នុងការដោះស្រាយរាល់ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព បូរណភាពដែនដីរវាងប្រទេសទាំងពីរ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលេចនូវតួនាទីដ៏សំខាន់របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ឯកឧត្តមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងក្លាយជាកម្លាំងចលករឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងអនាគតរួមគ្នាដែលមានភាពរីកចម្រើនសម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោកទាំងមូល៕

Share.