កំពង់ធំ÷ ‎លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្លង្ក័បានអំពាវនាវលើកទឹកចិត្តឱ្យកសិករនៅក្នុងសហគមន៍ឃុំសាមគ្គី ដាំបន្លែធម្មជាតិ ដើម្បីជួយបង្កើនជីវភាពក្នុងគ្រួសារ សហគមន៍ ជៀសវាងការធ្វើចំណាកស្រុក។



‎ការអំពាវនាវលើកទឹកចិត្តនេះត្រូវបាន លោកអភិបាលស្រុក លើកឡើងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ការប្រកបមុខរបរ ដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។



‎ជាមួយគ្នានោះ លោកអភិបាលស្រុក បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។



‎លើសពីនេះទៀត លោកអភិបាលស្រុក បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើននៅតាមគ្រួសារ និងសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំថ្ងៃហើយ មានតម្លៃសមរម្យ ធ្វើមិនប៉ះពាល់សុខភាពល្អ កាត់បន្ថយការចំណាយផ្សេងៗផងដែរ៕

អត្ថបទ៖ កំពង់ធំ

Share.